កីឡាជាតិ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានការលើកទឹកចិត្ត ក្នុងពិធីសំណេះសំណាលជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មុនពេលដែលក្រុមកម្ពុជាហោះហើរទៅកាន់ប្រទេសបារ៉ែន ដែលជាទឹកដីកណ្តាលនៃការប្រកួតចំនួន៣ប្រកួតចុងក្រោយនៃវគ្គជម្រុះបាល់ទាត់ពិភពលោក (FIFA WORLD CUP QATAR 2022) ជុំទី២ ពូល C។
ក្រុមជម្រើសជាតិកម្ពុជាបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង១១ និង៥៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដោយត្រូវចំណាយពេល៣៨ម៉ោង ក្នុងនោះជើងហោះហើររបស់ក្រុមកម្ពុជាត្រូវចុះចតនៅទីក្រុងអ៊ីនឆ័ន សាធារណកូរ៉េ ដោយត្រូវរង់ចាំ១៦ម៉ោង និង៣០នាទី មុនបន្តដំណើរឆ្ពោះទៅទីក្រុង ឌូបៃនៃប្រទេសអារ៉ាប់រួម ដែលត្រូវរង់ចាំ ៩ម៉ោង និង៤០នាទីបន្ថែមទៀត មុនពេលឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដែលជើងហោះហើរនេះនឹងទៅដល់នាវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។
ក្រុមជម្រើសជាតិកម្ពុជានៅសល់ពេលហ្វឹកហាត់៤-៥ថ្ងៃ មុនពេលប្រកួតផ្លូវការជាមួយម្ចាស់ផ្ទះ បារ៉ែន នាវេលាម៉ោង១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២។ ក្រុមកម្ពុជានឹងត្រូវបន្តជួបប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែនដូចៗគ្នា។
សូមរំឭកថា កាលពីជំនួបជើងទី១ ក្នុងពូល C នេះបានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយក្រុមម្ចាស់ផ្ទះ ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ទល់១, ក្រុមម្ចាស់ផ្ទះ កម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ទល់៤ និងពេលជួបជាមួយក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានរហូតគ្រាប់បាល់រហូតដល់ ០ទល់១៤។ ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលCនេះហើយ ដោយឆ្លងកាត់៥ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម (អ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ ហុងកុង កម្ពុជា)។ ដូច្នេះហើយ៣ប្រកួតចុងក្រោយក្នុងពូល C របស់ក្រុមកម្ពុជា គឺជាប្រកួតបង្គ្រប់កិច្ច ដែល៣ក្រុមត្រូវប៉ះជាមួយក្រុមកម្ពុជា នាដើមខែមិថុនា ខាងមុខឆាប់ៗនេះ សុទ្ធសឹងជាក្រុមខ្លាំងៗ ប្រចាំទ្វីបអាស៊ី ហើយបើគិតលើចំណាត់ថ្នាក់ប្រចាំទ្វីបអាស៊ី បច្ចុប្បន្ន គឺក្រុមអ៊ីរ៉ង់ ឈរលេខ២ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៣១), អ៊ីរ៉ាក់ លេខ៨ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៦៨) និងក្រុមបារ៉ែន ឈរលេខ១៦ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៩៨) ខណៈកម្ពុជា ឈរលេខ៣៨ (ចំណាត់ថ្នាក់ពិភពលោក ១៧៤)៕