កីឡាជាតិ៖ ក្រុមការពារដំណែងជើងឯករដូវកាល២០២០ ប្រជែងបាន៣ពិន្ទុដំបូង នៅប្រកួតបង្គ្រប់សប្តាហ៍ទី៤ជាមួយក្រុមបាតតារាងម្ចាស់ផ្ទះសូលទីឡូអង្គរ ដោយលទ្ធផល៣ទល់០ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្របខ័ណ្ឌលីគកំពូលកម្ពុជារដូវកាល២០២១។
៣គ្រាប់ជ័យជម្នះរបស់ក្រុមភ្ញៀវ បឹងកេត ធ្វើសម្រេចដោយកីឡាករ ឱ ភារុណ នៅនាទីទី២, Rajkovic Marko នៅនាទីទី៧៧ ខណៈកីឡាករ សៀង ចន្ធា ធ្វើសម្រេចនៅនាទី ៨៤ ដែល សៀង ចន្ធា ជាយុវជនវ័យក្មេងដ៏លេខធ្លោ១រូប ជាប់សមាជិកក្រុមជម្រើសជាតិជាថ្មី សម្រាប់បេសកកម្មប្រកួត៣ប្រកួតចុងក្រោយ FIFA World Cup នៅប្រទេសបារ៉ែន នាដើមខែមិថុនា ឆាប់ខាងមុខនេះ។ ជាមួយនឹងជម្នះដំបូង នៅក្នុងចំណោម៤ប្រកួតនេះ បឹងកេតបានរំកិលខ្លួនពីលេខ១២ឡើងមកឈរនៅលេខ៩បណ្តោះអាសន្ន ដោយឆ្លងកាត់៤ប្រកួតរបស់ខ្លួន ឈ្នះ ១ប្រកួត និងចាញ់ប្រកួត មាន៣ពិន្ទុ ខណៈ៥ប្រកួតរបស់សូលទីឡូអង្គរ ចាញ់ទាំង៥ប្រកួតឈរនៅលេខ១៣ ក្នុងចំណោម១៣ក្រុម។
ដោយឡែក១ប្រកួតផ្សេងទៀត បង្រ្គប់សប្តាហ៍ទី៤ដែរ កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ គឺក្រុមភ្ញៀវ វិសាខាបានស្វែងរកបាន៣ពិន្ទុបន្ថែមពីក្រុមម្ចាស់ផ្ទះប្រើប្រាស់កីឡាករជាយុវជនខ្មែរសុទ្ធ អគ្គិសនីកម្ពុជា ដោយលទ្ធផលមិនឲ្យតដៃរួច ៧ទល់០។ ៧គ្រាប់ជ័យជម្នះរបស់វិសាខាធ្វើសម្រេចនៅវគ្គទី១ចំនួន៣គ្រាប់រកបាន ដែលគ្រាប់ទី១ ជាកំហុសគ្រាប់បាល់ចូលទីខ្លួនឯង ដោយកីឡាករ អគ្គិសនីកម្ពុជា ចិន វណ្ណៈ នៅនាទី២ ខណៈ កែន ច័ន្ទសុភ័ក្ត្រ រកបាននៅនាទីទី៨ និងនាទី២១ ហើយចូលវគ្គទី២ កីឡាករ Ajayi Opeyemi រកបាន២គ្រាប់ នៅនាទី៥២ និងនាទី៦៥ និង២គ្រាប់ចុងក្រោយ កីឡាករ កែវ សុខផេង ធ្វើសម្រេចបាន២គ្រាប់ដែរ នៅនាទី៨៣ និងនាទី៨៤ ដែលនេះជាស្វែងរកគ្រាប់បាល់ដ៏ល្អរបស់កែវ សុខផេង សមាជិកក្រុមជម្រើសជាតិកម្ពុជា មុនពេលចូលរួមជួយក្រុមជម្រើសជាតិចេញទៅប្រកួត៣ប្រកួតចុងក្រោយ FIFA World Cup នៅប្រទេសបារ៉ែន ពីថ្ងៃទី៣ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕