ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនវ៉ាជែងបានរេចង្កូតឡើងលើខឿនផ្លូវ ទៅបុករះបង្គោលស្លាកសញ្ញា និងបង្គោលភ្លើងបាក់រាបដល់ដី រួចបន្តទៅបុកចូលរបងការ៉ាសសាំងសូគីម៉ិច រងការខូចខាតនៃបង្គោលស្លាកប៉ាណូ ដាក់តម្លៃសាំង១ដើមទៀត ចំណែកតៃកុងរថយន្តបង្ក រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ4-A1203 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនវ៉ាជែង ខណៈមកដល់ចំណុចកើតហេតុ បានបួងចង្កូតជ្រុលឡើងលើខឿនផ្លូវ ទៅបុករះបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាបាក់រាបដល់ដី រួចបានបន្តទៅបុករបងការ៉ាសសាំងសូគីម៉ិច បណ្តាលឲ្យបាក់បង្គោល ស្លាកសញ្ញាដាក់តម្លៃសាំងខ្ទេចមួយដើមទៀត។ សំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យជុំវិញកន្លែងកើតហេតុ ក៏ទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕