សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលលោក (FIFA World Cup Qatar 2022) ចំនួន៣ប្រកួតចុងក្រោយ ពីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២១តទៅ។
បញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជាសម្រាប់ត្រៀមក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន ប្រកួតចំនួន៣ប្រកួតចុងក្រោយ គឺក្រុមជម្រើសជាតិកម្ពុជានឹងជួបជាមួយក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, ជួបជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងបន្តជួបជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ នេះជាការប្រកួតបង្គ្រប់កិច្ចចុងក្រោយរបស់កម្ពុជា ដោយត្រូវធ្លាក់ចេញពីការប្រកួតត្រឹមជុំទី២នៃពូល Cនេះហើយ ដោយសារឆ្លងកាត់៥ប្រកួតកន្លងទៅ ក្នុងពូល C នេះ គឺក្រុមកម្ពុជាស្មើ១ប្រកួតជាមួយក្រុមហុងកុង ១-១ និងចាញ់៤ប្រកួត ដោយក្រុមកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្ន ក្នុងចំណោម៥ក្រុមនៃពូលC ដែលមានអ៊ីរ៉ាក់ ដែលកំពុងឈរលេខ១បណ្តោះអាសន្ន, បារ៉ែន លេខ២, អ៊ីរ៉ង់ លេខ៣ ហុងកុង លេខ៤ និងកម្ពុជា លេខ៥។
សម្រាប់សមាសភាពថ្មីនៃក្រុមជម្រើសជាតិកម្ពុជាមានចំនួន២៤នាក់ ក្នុងនោះសមាសភាពភាគច្រើនជាកីឡាករជម្រើសជាតិធ្លាប់ជាប់ជម្រើសជាតិ កាលពីពេលកន្លងទៅដែរ ដូចជា ប៊ីន ចន្ថាធារី, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, សឿយ វិសាល, សៀង ចន្ធា, អ៊ន ចាន់ប៉ូលីន, គួច សុកុម្ភៈ និងសុះ ស៊ូហាណាជាដើម។ សមាសភាពកីឡាករជម្រើសជាតិកម្ពុជាទាំង២៤នាក់នេះ ស្ថិតក្រោមការដឹកនាំពីគ្រូបង្គោលជនជាតិជ៉ុន គឺលោក Ryu Hirose, អ្នកចាត់ការទូទៅ លោក Keisuke Honda, គ្រូជំនួន លោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី៕