ម៉ានីល៖ Manny Pacquiao ជាអ្នកប្រដាល់ជើងខ្លាំង ដែលត្រូវបានគេហៅថាជាខ្លាកំណាចប្រចាំទ្វីបអាស៊ី បានប្រកាសពីការឡើងសង្វៀនម្តងទៀតនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដោយត្រូវប៉ះគូប្រជែង Errol Spence Jr ក្រោយខកខានប្រកួតអស់រយៈពេល ២ឆ្នាំមកនេះ ។
Manny Pacquiao កីឡាករវ័យ៤២ឆ្នាំរូបនេះ បានប្រកាសនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា រូបគេនឹងវាយទល់នឹង Spence ដែលជាជើងឯកកម្រិត Welterweight នាសង្វៀនដែលស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក បន្ទាប់ពីប្រកួតចុងក្រោយនៅទីនេះ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ។ Spence ជាជើងខ្លាំងរបស់អាមេរិក ១រូបដែលប្រកួតបាន ២៧ដងមិនដែលចាញ់ឡើយ ថែមទាំងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន ២១ដងផងដែរ ដ្បិតរូបគេមានអាយុប្អូនជាង Pacquiao ដល់ទៅ ១១ឆ្នាំឯណោះ ។
ដំបូងឡើយបានគណៈកម្មការបានផ្គូផ្គង Manny Pacquiao ឲ្យជួបកីឡាករ Mikey Garcia តែក៏ត្រូវបានលុបចោលវិញ និងប្រកាសពីការប៉ះជើងខ្លាំងមិនទាន់ចាញ់ Errol Spence Jr ដែលមានវ័យ ៣១ឆ្នាំជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ Dailymail នាថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ៕