បន្ទាយមានជ័យ៖ ជនជាតិថៃចំនួន៤នាក់ និងជនជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងនគរបាល ព្រំដែនបានធ្វើការឃាត់ខ្លួន បញ្ជូនឲ្យជំនាញចាត់ការតាមផ្លូវច្បាប់ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំ អូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។
នគរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរនៃវរសេនាតូចការពាព្រំដែនលេខ៩១១ បានឲ្យ ដឹងថា ជនជាតិថៃទាំង៤នាក់ ស្រី១នាក់ បានលួចឆ្លងដែនមកខ្មែរ និងជនជាតិខ្មែរ១ នាក់ប្រុសជាអ្នកឌុបជនជាតិថៃទាំង ៤នាក់បម្រុងឆ្លងចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។ លុះដល់ត្រង់គោលដៅត្រួតពិនិត្យមុខប៉ុស្ដិ៍ការពារព្រំដែនសិលាខ្មែរស្ថិតក្នុងភូមិសិលា ខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងបានឃាត់ខ្លួនទាំងជនជាតិថៃ និងបុរសជនជាតិខ្មែរ អ្នកដឹកតាមម៉ូតូ ហើយបានប្រគល់ឲ្យនគរបាលជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ។
បច្ចុប្បន្ននគរបាលជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែតកំពុងសាកសួរ និងកសាងសំណុំរឿងដើម្បិបន្តអនុវត្តតាមវិធានការច្បាប់ ៕