ទុយនីស៊ី៖ អក្រុមអ្នកតវ៉ានៅតាមទីក្រុងជាច្រើនក្នុងពិភពអារ៉ាប់បានដើរក្បួន តាមដងផ្លូវ កាលពីថ្ងៃទី១៩ឧសភាម្សិលម៉ិញនេះ ដើម្បីបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន នៅពេលដែលភាពតានតឹងនៅតែបន្តកើនឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស (Hamas) នៅក្នុងតំបន់ហ្គាហ្សា (Gaza) ។
មនុស្សរាប់រយនាក់បានចេញមកធ្វើការតវ៉ានៅតាមដងផ្លូវក្នុងរដ្ឋធានីនៃប្រទេសទុយនីស៊ីដោយបានស្រែកពាក្យស្លោកនានាគាំទ្រពលរដ្ឋប៉ាឡេស្ទីន។ ជាមួយគ្នានេះដែរ ស្ត្រី និងកុមារបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ នៅក្នុងការតវ៉ាដែលរៀបចំឡើងដោយក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) ដោយក្រុមកុមារបានគូររូបគំនូរដើម្បីគាំទ្រពលរដ្ឋប៉ាឡេស្ទីន។
នៅទីក្រុងតាហ្សី (Taiz) របស់យេម៉ែន មនុស្សរាប់ពាន់នាក់បានដើរក្បួនដោយមានកាន់បដាផ្សេងៗ និងបានអំពាវនាវឱ្យពិភពអារ៉ាប់រួមសាមគ្គីគ្នាប្រឆាំងនឹងអ៊ីស្រាអែល។
ចំណែកនៅក្នុងតំបន់ឈូងសមុទ្រពែរ្សរ៍ដែលជាកន្លែងកម្រមានការតវ៉ានោះ ពលរដ្ឋកូវ៉ែតបានធ្វើបាតុកម្មគាំទ្រពលរដ្ឋប៉ាឡេស្ទីន និងបានដុតទង់ជាតិអ៊ីស្រាអែលដើម្បីតវ៉ាប្រឆាំងនឹងការទម្លាក់គ្រាប់បែកទៅលេីតំបន់ហ្គាហ្សា (Gaza)។
ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលបានឈានចូលដល់សប្តាហ៍ទី២ គឺជាការប្រយុទ្ធគ្នាដ៏ខ្លាំងបំផុតមិនធ្លាប់កើតមានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។
ក្រុមហាម៉ាស (Hamas) ដែលគ្រប់គ្រងតំបន់ហ្គាហ្សា (Gaza) បានចាប់ផ្តើមធ្វើការវាយប្រហារដោយរ៉ុក្កែតចូលប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១០ ខែឧសភា បន្ទាប់ពីមានភាពតានតឹងជាច្រើនសប្តាហ៍ពាក់ព័ន្ធនឹងរឿងក្ដីនៃការបណ្តេញចេញក្រុមគ្រួសារប៉ាឡេស្ទីនជាច្រើនក្នុងទីក្រុងហ៊្សេរុយសាឡិមខាងកើត និងដើម្បីជាការសងសឹកចំពោះការប៉ះទង្គិចគ្នារវាងប៉ូលិសអ៊ីស្រាអែលជាមួយពលរដ្ឋប៉ាឡេស្ទីននៅឯទីសក្ការៈមួយកន្លែង។
ក្រុមមន្ត្រីពេទ្យប៉ាឡេស្ទីនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២២៧នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គហ្សា (Gaza) ក្នុងរយៈពេល ១០ថ្ងៃនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ ចំណែកនៅក្នុងប្រទេសអ៊ីស្រាអែល វិញ មនុស្សចំនួន ១២នាក់បានបាត់បង់ជីវិត។ អ៊ីស្រាអែលបានប្រកាសថា រ៉ុក្កែតប្រហែល ៤.០០០គ្រាប់បានបាញ់ស្រោចមកលេីទឹកដីអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធក្នុងតំបន់ហ្គាហ្សា (Gaza)៕