អន្តរជាតិ៖ តាមការគ្រោងទុកនៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung Electronic Co Ltd នឹងអាចចាប់ផ្តើមសាងសង់រោងចក្រផលិតបន្ទះឈីបដ៏ធំមួយរបស់ខ្លួនដែលមានតម្លៃរហូតដល់ប្រមាណ17ពាន់លានដុល្លារនៅក្នុងទឹកដីសហរដ្ឋអាមេរិកនានៅក្នុងអំឡុងឆមាសទី2 ឆ្នាំ2021 និងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ2024ខាងមុខនេះ។
យោងតាមការចេញផ្សាយរបស់កាសែត Electronic Times បានឲ្យដឹងថា Samsung ក៏នឹងត្រៀមក្នុងការបំពាក់បច្ចេកវិទ្យាផលិតបន្ទះឈីបចុងក្រោយមួយរបស់ខ្លួនដែលអាចផលិតបន្ទះឈីបទំហំ 5 ណាណូម៉ែត្រ ហើយរោងចក្រនេះនឹងលេចរូបរាងឡើងនៅក្នុងទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ខណៈដែលតំណាងក្រុមហ៊ុនហាក់ មិនបានធ្វើការទទួលស្គាល់នៅឡើយ ហើយបានត្រឹមបញ្ជាក់ថានៅមិនទាន់មានអ្វីដែលត្រូវបានសម្រេចចិត្តច្បាស់នៅឡើយ។
បើទោះជាយ៉ាងណាក្តី ឯកសារស្នើសុំដោយ Samsung ត្រូវបានអាជ្ញាធរនៃរដ្ឋ Texas ធ្លាប់បានបង្ហាញរួចមកហើយថាក្រុមហ៊ុនកូរ៉េនេះបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទីក្រុង Austin សម្រាប់រោងចក្រថ្មីរបស់ខ្លួនមួយនេះ ហើយជឿជាក់ថានឹងអាចបង្កើតការងារថ្មីរហូតដល់ប្រមាណជាង1,800កន្លែងទៀតផង។
គួររំលឹកផងដែរថា កន្លងមកថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសពីការបង្ហាញកញ្ចប់ថវិកាជំនួយមួយរបស់រដ្ឋាភិបាលក្នុងទំហំប្រមាណជា 50 ពាន់លានដុល្លារ ដើម្បីនឹងប្រើប្រាស់គាំទ្រទៅដល់វិស័យផលិតបន្ទះឈីបដែលបច្ចុប្បន្នកំពុងជួបប្រទះទៅនឹងបញ្ហាខ្វះខាតទ្រង់ទ្រាយធំនៅក្នុងសកលលោក ហើយគេជឿជាក់ថាតាមរយៈកម្មវិធីនេះ នឹងអាចទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនធំៗលើសាកលលោកឲ្យចូលទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងនោះរួមមានដូចជា ក្រុមហ៊ុន Intel Corp និងក្រុមហ៊ុនលេខមួយលើពិភពលោកក្នុងនាមជាអ្នកជំនាញបន្ទះឈីបរបស់តៃវ៉ាន់ TSMC ផងដែរ ដើម្បីមកធ្វើការបណ្តាក់ទុននៅក្នុងប្រទេសអាមេរិក៕