ភ្នំពេញ៖ លោកស្រីទ្រី ដាណា ខ្លោចចិត្តពេកពេលឃើញបុរសម្នាក់ដែលមានជំងឺប្រចាំកាយមានរាងកាយស្គមស្គាំងស្លេកស្លាំងនៅសល់តែស្បែកដណ្តប់ឆ្អឹង បានប្រកាសជួយឧបត្ថម្ភដល់បុរសនេះ ដើម្បីបានរួមចំណែកព្យាបាល និងជួយសម្រាលទុក្ខលំបាកបានខ្លះ ។
លោកស្រីបានបង្ហោះរូបភាពបុរសខាងលើ អមដោយសារ ថា «មិនដឹងជំងឺអីខ្លះ ប្លែកៗម៉េសនៅក្មេងសោះ ឃើញគេថារលាកក្រពះ ទៅជាស្គមសល់តែស្បែក។ ខ្ញុំជួយ 500$ ដើម្បីបានរួមចំណែកព្យាបាលប្អូនប្រុស។ សង្ឃឹមថាឆាប់ជាសះស្បើយឡើងវិញ គាត់រស់នៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ គាត់ជាសិស្សរៀននៅវិទ្យាល័យហ៊ុនសែនត្រពាំងប្រាសាទ ឃើញខាងកាកបាទក្រហម លោកគ្រូ អ្នកគ្រូ នាំគ្នាជួយគាត់ រំភើបចិត្តណាស់ ពេលមានទុក្ខលំបាក មានតែការជួយគ្នា លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត» ។
បន្ទាប់ពីឃើញសារនេះភ្លាមមានមហាជនជាច្រើនបានចូលខំម៉ិន(comment)បញ្ចេញមតិចំពោះសាររបស់លោកស្រី ។ អ្នកខ្លះខំម៉ិនថា «ពិតជារំភើប និងសូមអរគុណដល់ទឹកចិត្តបងស្រីខ្លាំងណាស់ដែលបានជួយដល់គាត់សូមអោយបងស្រីជួបតែរឿងល្អ ៗក្នុងជីវិត» ។ អ្នកលខ្លះបានចូលខំម៉ិនថា «ចែដាណាចិត្តល្អសុំឲ្យព្រះតាមកាពាចែនឹងពូខ្មៅនឹងក្រុមគ្រូសារចែដាណាអោយជៀសពីជំងឺកូវិតនេះទាំងអស់» ជាដើម ។
សូមជម្រាបថា លោកស្រីទ្រី ដាណា បើទោះបីជាការងាររវល់ និងមមាញឹកយ៉ាងណាក្តី គេតែងសង្កេតឃើញថាកន្លងមកលោកស្រីបានចំណាយពេលខ្លះៗដើម្បីចុះទៅជួបអ្នក ដែលជួបបញ្ហាលំបាកខ្វះខាតដើម្បីធ្វើនូវសកម្មភាពសប្បុរសធម៌នានា ។ ពេលខ្លះលោកមិនអាចចុះផ្ទាល់បាន លោកស្រីបានប្រកាសជួយដោយផ្ញើរសម្ភារៈ និងថវិកាផ្តល់ទៅឲ្យតែម្តង ៕