រ៉យទ័រ៖ អរិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស (Hamas) របស់ប៉ាឡេស្ទីនបានកើនឡើងយ៉ាងខ្លាំងក្នុងពេលមួយយប់ចុងក្រោយនេះ ជាមួយនឹងជនជាតិប៉ាឡេស្ទីនចំនួន ៣៥ នាក់ត្រូវបានសម្លាប់នៅទីក្រុងហ្គាហ្សា (Gaza) និង ៣នាក់នៅអ៊ីស្រាអែល នៅក្នុងការប៉ះទង្គិចក៏ខ្លាំងខ្លាមួយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសរាប់រយដងនៅតំបន់ហ្គាហ្សារហូតមកដល់ព្រឹកព្រលឹមនៃថ្ងៃពុធ ទី១២ ខែឧសភា នេះ នៅពេលដែលក្រុមអ៊ីស្លាម និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀតបានបាញ់រ៉ុក្កែតជាច្រើនគ្រាប់នៅទីក្រុង Tel Aviv និងទីក្រុង Beersheba របស់អ៊ីស្រាអែល។
ការបាញ់ប្រហារនេះបានបណ្តាលឱ្យអគារលំនៅដ្ឋានពហុជាន់មួយនៅហ្គាហ្សាបានដួលរលំ ហើយអគារមួយទៀតខូចខាតយ៉ាងដំណំ បន្ទាប់ពីរងការវាយប្រហារម្តងហើយម្តងទៀតដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅក្រុមហាម៉ាស រួមទាំងមជ្ឈមណ្ឌលស៊ើបការណ៍សំងាត់ និងទីតាំងបាញ់រ៉ុក្កែតផងដែរ។ គួរបញ្ជាក់ថា វាជាការវាយលុកខ្លាំងបំផុតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចាប់តាំងពីមានសង្គ្រាមឆ្នាំ២០១៤ នៅហ្គាហ្សាមក និងជំរុញឱ្យមានការព្រួយបារម្ភជាអន្តរជាតិដែលថាស្ថានភាពអាចលាចលលើសពីការគ្រប់គ្រង។
ប្រេសិតសន្តិភាពមជ្ឈឹមបូព៌ាលោក Tor Wennesland បានសរសេរនៅក្នុងបណ្តាញសង្គមធ្វីតធ័រ (Twitter) ថា៖ សូមបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់។ យើងកំពុងតែឈានទៅរកការធ្វើសង្គ្រាមពេញលេញមួយហើយ។ មេដឹកនាំនៅគ្រប់ភាគីទាំងអស់ត្រូវទទួលខុសត្រូវលើការដកថយ។ ការចំណាយលើសង្រ្គាមនៅតំបន់ហ្គាហ្សា គឺជាការបំផ្លិចបំផ្លាញ និងត្រូវបានបង់ថ្លៃដោយប្រជាជនសាមញ្ញ។ អង្គការសហប្រជាជាតិ បាននិងកំពុងធ្វើការជាមួយគ្រប់ភាគីដើម្បីស្តារភាពស្ងប់ស្ងាត់ឡើងវិញ។ សូមបញ្ឈប់អំពើហឹង្សាឥឡូវនេះទៅ”។
សូមរំឭកថា អំពើហឹង្សានេះបានកើតឡើងបន្ទាប់ពីភាពតានតឹងជាច្រើនសប្តាហ៍នៅទីក្រុងយេរូសាឡិមក្នុងខែដែលមានការតមអាហាររបស់មូស្លីម ជាមួយនឹងការប៉ះទង្គិចគ្នារវាងប៉ូលីសអ៊ីស្រាអែល និងក្រុមបាតុករប៉ាឡេស្ទីននៅក្នុង និងជុំវិញវិហារអ៊ីស្លាម Al-Aqsa ដ៏ពិសិដ្ឋជាបរិវេណគោរពដោយជនជាតិយូដា ក្នុងនាមជាប្រាសាទភ្នំ និងដោយមូស្លីមដែលជាជម្រកនៃពួកអភិជន។ ការកើនឡើងទាំងនេះ គឺនៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មុនពេលមានការពន្យារពេលសវនាការរបស់តុលាការក្នុងករណីគ្រួសារប៉ាឡេស្ទីនដែលត្រូវបានបណ្តេញចេញពីផ្ទះនៅទីក្រុងយេរូសាឡឹមខាងកើតដែលទាមទារដោយអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ។
កាលពីថ្ងៃអង្គារ ទី១១ ខែឧសភា មន្ត្រីក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបានឱ្យដឹងថា ចំនួនអ្នកស្លាប់កើនឡើងដល់ ៣២ នាក់ ប៉ុន្តែស្ថានីយ៍វិទ្យុដែលជាប់ទាក់ទងនឹងក្រុមហាម៉ាស ក្រោយមកបាននិយាយថា មានមនុស្សបីនាក់ទៀតបានបាត់បង់ជីវិត រួមបញ្ចូលទាំងស្ត្រី និងកុមារម្នាក់ផងដែរ ដោយត្រូវបានសម្លាប់ភ្លាមៗនៅមុនម៉ោង ២ ភ្លឺចូលដល់ថ្ងៃពុធ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះល្វែងមួយខ្នងនៅខាងលើភោជនីយដ្ឋាន។
សេវាកម្មរថយន្តសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ីស្រាអែលឈ្មោះ Magen David Adom បាននិយាយថាស្ត្រីអាយុ ៥០ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅពេលដែលគ្រាប់រ៉ុក្កែតវាយប្រហារអគារមួយនៅជាយក្រុង Tel Aviv នៃទីក្រុង Rishon Lezion ហើយស្ត្រីពីរនាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីក្រុង Ashkelon ។
មេដឹកនាំនយោបាយ និងយោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានសម្លាប់សកម្មប្រយុទ្ធរាប់សិបនាក់ និងបានបំផ្លាញអគារដែលប្រើប្រាស់ដោយពួកហាម៉ាសផងដែរ។ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Benny Gantz បាននិយាយបន្ថែមថា អ៊ីស្រាអែល បានធ្វើការបាញ់ប្រហាររាប់រយដង ហើយអគារនានានឹងបន្តបាក់បែក៕