មូស្គូ៖ កាលពីថ្ងៃអាទិត្យទី០៩ ខែឧសភា ឆ្នាំ២០២១ រុស្ស៊ីបានបង្ហាញអាវុធ និងយុទ្ធោបករណ៍ជាង១៩០ប្រភេទដលពិភពលោក នៅក្នុងព្យុហយាត្រាយោធាដ៏ធំនៅក្នុងទីក្រុងមូស្គូដែលត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធខួបលើកទី ៧៦នៃជ័យជម្នះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី២ ។
ក្នុងព្យុហយាត្រាយោធាទិវាជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់មានទាហានប្រហែល១ម៉ឺន២នាក់បានដើរជាក្បួននៅលើទីលានក្រហមរួមទាំងការបង្ហាញអាវុធ និងយុទ្ធោបករណ៍ របស់ខ្លួនយ៉ាងទំនើបៗទៀតផង ។ ព្យុហយាត្រាយោធានេះបានបិទបញ្ចប់ជាមួយនឹងការបើកយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន៧៦គ្រឿងយ៉ាងរំពងអាកាស ។
សូមជម្រាបថា សហភាពសូវៀតបានបាត់បង់ជីវិតមនុស្សប្រហែល ២៧លាននាក់រាប់ទាំងទាហាន និងពលរដ្ឋស៊ីវិលក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដែលក្នុងនោះការធ្វើ សង្គ្រាមប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់គឺជាផ្នែកដ៏សំខាន់បំផុតមួយនៃសង្គ្រាមនេះ ៕