បន្ទាយមានជ័យ៖ មានករណីដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារបុរសម្នាក់ខណៈដែលកំពុងតែបរិភោគសម្លម្ជូរកង្កែប ស្រាប់តែឈ្លក់ ហើយមានអាការៈអន្ទះអន្ទែង ក៏បានដាច់ខ្យល់ស្លាប់តែម្តង កាលពីវេលាម៉ោង ៦ និង៣០ល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បើតាមមន្ត្រីនគរបាលស្រុកព្រះនេត្រព្រះបានជម្រាបឲ្យដឹងថា បុរសខាងលើនេះឈ្មោះ សាត រើ ន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ នៅពេលជនរងគ្រោះរូបនេះ និងប្រពន្ធរបស់ខ្លួន បរិភោគបាយ និងសម្លម្ជូរកង្កែប ខណៈនោះស្រាប់តែបុរសរូបនេះឈ្លក់សម្លរហើយមានអាការៈអន្ទះអន្ទែង ពេលនោះប្រពន្ធ និងអ្នកជិតខាងបានជួយរឹត ធ្វើចលនា និងខិតខំជួយសង្គ្រោះ ប៉ុន្តែបុរសរូបនេះបានដាប់ខ្យល់ស្លាប់ភ្លាមៗ ដោយមិនអាចដឹកយកទៅ សង្គ្រោះនៅមន្ទីពេទ្យបានទ្បើយ ។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបង្កើតគណៈកម្មការត្រួតពិនិត្យសពដែលមានសមាសភាព រួមមាន នគរបាលផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ, នគរបាលផ្នែកព្រហ្មទណ្ឌ, នគរបាលប៉ុស្តិ៍ឈ្នួរមានជ័យ, គ្រូពេទ្យមណ្ឌលសុខភាពឃុំឈ្នួរមានជ័យ, លោកក្រុមប្រឹក្សាឃុំឈ្នួរមានជ័យ, លោកមេភូមិគោកត្រាច និងប្រពន្ធកូនបង្កើតរបស់សព។
ក្រោយពីបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណសពរួចមកមិនបានឃើញមានសញ្ញា ឬស្លាកស្នាមអ្វីដែលទាក់ទងនិងអំពើឃាតកម្មឡើយ។ ម្យ៉ាងវិញទៀត ស្ត្រីជាប្រពន្ធរបស់សពបានជម្រាបថា ការស្លាប់របស់ប្តីគាត់គឺ ដោយសារឈ្លក់នឹងទឹកសម្លម្ជូរកង្កែបទេ៕