មណ្ឌលគិរី ៖ កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីលោក ម៉ម វ៉ាន់ដាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២១ បានចុះបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់សុខជាវ បន្ទប់លេខ ៦ ស្ថិតនៅភូមិចំបក់សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់។
ជនសង្ស័យទាំង០៣មាន ៖ ១.ឈ្មោះ ញៀន សុភ័ក្រ្តា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផលធ្វើតេស្តវិជ្ជមាន។ ២.ឈ្មោះ ស៊ុន សុខន អាយុ២១ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផលធ្វើតេស្តវិជ្ជមាន។ ៣.ឈ្មោះ ង៉ូវ លីម៉េង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ស្រុកកំណើតភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម លទ្ធផលធ្វើតេស្តវិជ្ជមាន។
កម្លាំងនគរបាល ឆែកឆេរនិងដកហូតវត្ថុតាងរួមមាន ទូរស័ព្ទ ចំនួន០៦គ្រឿងមាក iPhone ០២គ្រឿងពណ៍ខ្មៅ ម៉ាក Huawei ពណ៍ទឹកមាសចំនួន ០២គ្រឿង ណូគាចំនួន០១ គ្រឿង ពណ៌ខ្មៅ ម៉ាក camfone 01គ្រឿងពណ៌មាស និងម៉ូតូ០២គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ស្លាកលេខតាកែវ 1B 0534. និងម៉ាក Honda Dream ពណ៌ខ្មៅ គ្មានស្លាកលេខដេកកេះ ចំនួន០៥ដើម កាបូបដៃចំនួន០២ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០២សន្លឹក ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
ដោយមានការសម្របសម្រួលពីលោកម៉ម វ៉ាន់ ដាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានបន្តនីតិវិធី ចុះបង្រាបជាក់ស្តែងនិងឆែកឆេរផ្ទះរបស់ឈ្មោះ ញ៉ិប លឹមហាក់ ហៅចិន ស្ថិតនៅភូមិចំការតែសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាលទ្ធផលយើងបានឆែកឆេររកឃើញ និងដកហូតសម្ភារៈ និងវត្ថុតាងមួយចំនួនទៀតរួមមាន សារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ធំល្មមទម្ងន់ ១៣.៨០ក្រាម ថ្លឹងទាំងសំបក ដាវ ០២ ដើម ដែកកេះ ០១ដើម ទុយោសំរាប់ចូកគ្រឿងញៀន ០១ ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
ចំណែកជនសង្ស័យឈ្មោះ ញ៉ិប លឹមហាក់ (ហៅចិន)បានរត់គេចខ្លួនបាត់ ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿងនិងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕