ខេត្តកោះកុង ៖ ករណីពុលផ្សិតព្រៃ នៅខេត្តកោះកុង ពេលនេះ អ្នកស្លាប់ កើនដល់០៣នាក់ហើយ ចំណែក ពលរដ្ឋ១១នាក់ ទៀត ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។
លោកវេជ្ជបណ្ឌិត ហូរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានពលរដ្ឋពុលផ្សិតចំនួន១៤នាក់ ដោយក្រុមគ្រួសារជនរងគ្រោះដឹកជញ្ជូនមកសង្រ្គោះបន្ទាន់ភ្លាមៗ តែពលរដ្ឋចំនួន៣នាក់មានអាការៈធ្ងន់ធ្ងរខ្លាំងពេក ទើបជួយសង្រ្គោះមិនបាន។ ពលរដ្ឋដែលបាត់បង់ជីវិតទាំងនោះ ឈ្មោះ ជួន សំ អាយុ៨៣ឆ្នាំ ភេទស្រី រស់នៅឃុំជីផាត ស្រុកថ្មបាំង ស្លាប់ពេលបញ្ជូនជិតទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ទី២-ឈ្មោះ ប៊ុន ណាម៉ា អាយុ១០ឆ្នាំ ភេទប្រុស ស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ឆា និងទី៣- ប៊ុនណា សៀវម៉ាន់ អាយុ១៣ភេទ ប្រុស ពុំព្រមទៅព្យាបាលនៅភ្នំពេញ (ទាំងពីរ២នាក់បងប្អូន) រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។
លោកវេជ្ជបណ្ឌិត បន្តថា ពលរដ្ឋចំនួន១១នាក់ ក៏បានពុលផ្សិតនេះដែរ រួមមាន៖ ឈ្មោះង៉ែត អោន អាយុ៤៨ឆ្នាំ ភេទប្រុស, ឈ្មោះសែម វង្ស អាយុ៤៥ឆ្នាំ ភេទស្រី រស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ , ឈ្មោះ បាវ ឃា អាយុ៤២ឆ្នាំ ភេទប្រុស រស់នៅឃុំដងពែង ស្រុកស្រែអំបិល អាការៈសុខភាពបានធូរស្រាលចេញពីមន្ទីរពេទ្យហើយ , ឈ្មោះ មាស នី អាយុ៤១ឆ្នាំ ភេទ ស្រី រស់នៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ សា្ថនភាពជំងឺធូរស្រាល កំពុងសម្រាកនៅមន្ទីរពេទ្យស្រែអំបិល , ឈ្មោះ យឹម ប៉ា អាយុ៥១ ភេទ ស្រី និងឈ្មោះ ថន សុខណៃ អាយុ១៦ឆ្នាំ ភេទ ប្រុស រស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ស្ថានភាពជំងឺធ្ងន់ធ្ងរ បញ្ជូនទៅព្យាបាលនៅខេត្តកំពង់ស្ពឺ។
រីឯ៥នាក់ទៀតក៏បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទាំងយប់ថ្ងៃទី២៨ មេសា , ឈ្មោះ ប៊ុនណា ធីតា អាយុ១៩ឆ្នាំ ភេទស្រី , ឈ្មោះតាក់ ប៊ុណា អាយុ៥៥ឆ្នាំ ភេទប្រុស , ឈ្មោះ ឃុន ហាន អាយុ៤៥ឆ្នាំ ភេទស្រី , ឈ្មោះ ប៊ុន ណាយ៉ា អាយុ២៥ឆ្នាំ ភេទប្រុស , ឈ្មោះ ប៊ុនណា សៀវមិន អាយុ១៨ឆ្នាំ ភេទប្រុស ។
ពួកគាត់ទាំង៥នាក់ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ហើយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ត នៅតែបន្តតាមដានពិនិត្យ និងព្យាបាលសុខភាពពួកគាត់ដោយយកចិត្តទុកដាក់ខ្ពស់៕