ខេត្តរតនគិរី ៖ ករណីបាញ់សម្លាប់ បុរសជាអ្នកយាមចម្ការ នៅខេត្តរតនគិរី ថ្មី ៗនេះ ពេលនេះ ប្រពន្ធជនសង្ស័យ ចេញមុខអះអាងថា គឺពុំមែនជាករណីគំនុំ ឬ ជម្លោះអ្វីនោះទេ គាត់ (ប្រពន្ធ) មានវត្តមាននៅក្នុងឡាន ជាមួយប្តីរបស់គាត់ផ្ទាល់ ហើយបានឃើញជនរងគ្រោះ បានកាន់ដែកទីប ស្រែកជេរដៀលប្រមាថប្តីរបស់គាត់ ចំណែកឯការផ្តល់ចម្លើយសាកសួរក៏មិនទាន់ជាក់លាក់នោះដែរ ដោយរង់ចាំការស្រាវជ្រាវបន្តទៀត។
យោងតាមការអះអាងរបស់លោកស្រី តែ ចិន ត្រូវជាប្រពន្ធរបស់ជនសង្ស័យបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះថា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ គាត់បាននៅក្នុងឡានជាមួយប្តីរបស់គាត់ផ្ទាល់ហើយបានឃើញជនរងគ្រោះឈ្មោះ រឹម ចន្ថា បានកាន់ដែកទីប ស្រែកជេរដៀលប្រមាថប្តីរបស់គាត់ តែគាត់ពុំបានចាប់អារម្មណ៍ឡើយ តែភ្លាមៗជនរងគ្រោះក៏ស្ទុះមកវាយបំបែកកញ្ចក់រថយន្តបែកខ្ទេច និងវាយប្តីរបស់គាត់ឲ្យរបួសដៃខាងឆ្វេង ទើបប្តីរបស់គាត់សម្រេចចិត្តបាញ់២គ្រាប់ឲ្យជនរងគ្រោះភ័យ។
លោកស្រី តែ ចិន បានបន្តថាតែជនរងគ្រោះមិនបញ្ឈប់សកម្មភាពនោះទេ ហើយថែមទាំងស្រែកគំរាមថានឹងសម្លាប់ជនសង្ស័យឲ្យបាន ទើបប្តីគាត់សម្រេចចិត្តបាញ់រះជាច្រើនគ្រាប់រួចបើករថយន្តចូលមកសារភាពនៅប៉ុស្តិ៍នគរបាលស្រុកអូរយ៉ាដាវតែម្តង។
តាមការពិនិត្យទៅលើកាំមេរ៉ាសុវត្ថិភាពបានបង្ហាញថា សកម្មភាពជនរងគ្រោះហាក់បីដូចជាពុំស្ថិតក្នុងសភាពប្រក្រតី ដូចសព្វមួយដងឡើយ ហើយថែមទាំងបានប្រើពាក្យជេរប្រមាថធ្ងន់ៗ ទៅលើជនសង្ស័យ រួចក៏កាន់ដែកទីបរត់សំដៅមកវាយកញ្ចក់រថយន្តតែម្តង។
ចំណែកសាច់ញាតិជនរងគ្រោះបានឲ្យដឹងនៅកន្លែងធ្វើបុណ្យសពថា ពួកគាត់ទាំង២នាក់ គឺពុំដែលមានទំនាស់អ្វីជាមួយគ្នាកន្លងមកនោះទេ ហើយជនរងគ្រោះនេះ ប្រៀបបីដូចជាសមាជិកគ្រួសារដែលរស់នៅជាមួយគ្នាដែរ។ ហើយជនសង្ស័យកន្លងមកក៏តែងទំនុកបម្រុង។ រីឯការចំណាយលើការធ្វើបុណ្យសពនេះក៏ ខាងជនសង្ស័យចំណាយទាំងស្រុងផង។
ទាក់ទងនឹងករណីខាងលើនេះ លោក នៅ យ៉ារ័ត្ន ប្រធានសាលាដំបូងខេត្តរតនគិរីបានឲ្យ ដឹងតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះថា ចំពោះការសាកសួរនៅព្រឹកនេះមិនទាន់បានចម្លើយណាមួយឲ្យពិតប្រាកដនោះទេ ដោយរង់ចាំការស្រាវជ្រាវបន្តទៀត៕