បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៨មេសា បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម និងអញ្ជើញក្រុមហ៊ុនឯកជនដែលធ្វើធុរកិច្ចនៅកម្ពុជា ហើយមានសាខា ឬតំណាងចែកចាយនៅប្រទេសចិនស្រាប់ សូមចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៤ ដើម្បីស្វែងរកទីផ្សារសម្រាប់ ផលិតផលកម្ពុជានិងផ្សព្វផ្សាយអំពីឱកាសវិនិយោគ និងអូសទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ក្រសួងបានជម្រាបជូនថាសម្រាប់ធុរកិច្ចដែលមានតំណាងចែកចាយនៅប្រទេសចិន ដែលមានបំណង ស្វែងរកដៃ គូវិនិ យោគ ឬត្រូវចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយបណ្តាប្រទេសដែលបានចូលរួមក្នុងពិព័រណ៌នេះ សូមប្រញាប់មកបំពេញបែបបទ និងផ្ញើគម្រោងរបស់ ខ្លួនមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មឱ្យបានមុនថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ជាកំណត់ ដើម្បីក្រសួងធ្វើការសម្របសម្រួលជូន។
សូមជម្រាបជូនថាពិព័រណ៍ នាំចូលអន្តរជាតិចិន លើកទីបួននេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន កម្ពុជានឹងរៀបចំចូលរួមពីចម្ងាយ (Online) ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្ម តាមប្រព័ន្ធអនឡាញជាអន្តរជាតិ ៕