ភ្នំពេញ ៖ សកម្មភាពការងារ មុខរបរ រោងចក្រ សហគ្រាស និងអាជីវកម្មគ្រប់ប្រភេទនៅក្នុងតំបន់លឿង ត្រូវបានអនុញ្ញាតឱ្យបើកដំណើការជាធម្មតាវិញ ខណៈដែលក្រសួងការងារត្រៀម ផ្តល់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត ដើម្បីឱ្យពួកគេបានទៅបំពេញការងារបានធម្មតា បន្ទាប់ពីរោងចក្រសហគ្រាសទាំងអស់ក្នុងរាជធានីភ្នំពេញ និងតាខ្មៅបានបិទអស់រយៈពេល១៤ថ្ងៃ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ រដ្ឋមន្ត្រី អ៊ិត សំហេង បានឱ្យម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម និងអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ ដែលស្ថិតក្នុង «តំបន់លឿង» នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល អាចស្នើសុំ «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិក» ដែលពួកគេនឹងទទួលបានប័ណ្ណអនុញ្ញាតជាទម្រង់ឌីជីថល ក្នុងរយៈពេល១ថ្ងៃ បន្ទាប់ពីការស្នើសុំ និងបំពេញព័ត៌មានបានត្រឹមត្រូវ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និង ត្រឡប់មកផ្ទះ។
សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបើកដំណើរការនៅក្នុងតំបន់លឿង ត្រូវអនុវត្តវិធានការ សុវត្តិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
ទោះបីជានៅក្នុងតំបន់ទទួលបានសិទ្ធិពិសេសក៏ដោយ តែអាជីវកម្មមួយចំនួននៅតែបន្តហាមឃាត់ដដែលដូចជា សាលារៀន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ខារ៉ាអូខេ រង្គសាល បៀហ្កាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ សារៈមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមមណ្ឌលកីឡា។យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានី៕