ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជិះម៉ូតូរ៉ឺម៉ក ជិះគេចទឹកនៅលើដងផ្លូវ ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ប៉ុន្តែអ្វីដែលគួរអោយ ហួសចិត្តថែមទៀតនោះ គឺមានជនសង្ស័យឆ្លៀតឱកាស លូកស្ទាបច្របាច់យកកាបូបលុយ និងទូរស័ព្ទមួយគ្រឿង ទៅបាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ ៦ចំណុចមុខ រមណីយដ្ឋានដីមាស ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រ៉ឺម៉កមួយគ្រឿងខាងលើទាំងតៃកុង និងអ្នករួមដំណើរសរុប៥នាក់ បានបើកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ មានទឹកលើផ្លូវនៅខាងស្តាំដៃ រួចក៏គេចមកឆ្វេងដៃរួចជ្រុលទៅបុកសួនច្បារ ពុះចែកទ្រូងផ្លូវក្រឡាប់រ៉ឺម៉ក បណ្តាលឱ្យបុរសម្នាក់ ដែលជិះខាងក្រោយគេស្លាប់ភ្លាមៗ នៅកន្លែង រីឯ៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពីកើតហេតុមួយសន្ទុះ មុនពេលសមត្ថកិច្ចមកដល់ ក៏ស្រាប់តែលេចជនសង្ស័យឆ្លៀតឱកាស មកលូកច្របាច់រាវរកកាបូបលុយ និងទូរស័ព្ទមួយគ្រឿង របស់សពយកគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សពត្រូវបានសមត្ថកិច្ច ទាក់ទងរថយន្តដឹកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យនៅពេលក្រោយ រីឯរ៉ឺម៉កត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា៕