ភ្នំពេញ ៖ អាជ្ញាធរ ខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួន អាជីវករផ្សារដើមគរ ០២នាក់ ម្តាយកូន លួចចេញពីកន្លែងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងបញ្ជូនបុគ្គលទាំងពីរ ឱ្យទៅបន្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ហើយត្រៀម កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
រដ្ឋបាលខណ្ឌជ្រោយចង្វារបានឱ្យដឹងថា ស្ត្រីទាំងពីរជាម្តាយនិងកូនមានឈ្មោះ កុប ម៉ារី អាយុ ៦០ ឆ្នាំ ជាអាជីវករផ្សារដើមគរ និងកូនស្រីឈ្មោះ ម៉ក់ រុំរីសា អាយុ១៩ឆ្នាំ ជាអាជីវករផ្សារដើមគរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បន្តថា ករណីនេះរដ្ឋបាលខណ្ឌជ្រោយចង្វារ បានស្នើសុំគោលការអនុញ្ញាតពី រដ្ឋបាលរាជធានីភ្នំពេញ ឃាត់ខ្លួននិងបញ្ជូនបុគ្គលទាំងពីររូបខាងលើឲ្យបន្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅស្ថិតនៅក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញដែលរដ្ឋបាលខណ្ឌនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕