ស្ទឹងត្រែង ៖ ស្ត្រីម្នាក់ដែលប្រកបរបលក់ទឹកអំពៅតាមម៉ូតូចល័តម្នាក់ ស្រែកផ្អើលគេឯងទាំងថ្ងៃ ដោយសារជ្រុលដៃឆ្វេងចូលក្នុងម៉ាស៊ីនកៀបជាប់ដៃ កាលពីវេលាម៉ោងជាង ៤ ល្ងាចថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២១ ត្រង់ចំណុចក្បែររង្វង់មូល កែងរបងសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង ។
ស្រីរងគ្រោះខាងលើនេះ មានឈ្មោះនឿន ស្រីនាង អាយុ២៨ឆ្នាំ មានផ្ទះនៅខាងក្រោយរបងសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ពេលដែលបានឃើញស្ត្រីរងគ្រោះខាង ជាប់ដៃដូចនេះ មានអ្នកនៅក្បែរនោះបានជួយនាងយកទៅកន្លែងជាងជួសជុលម៉ូតូមួយកន្លែងដែលនៅក្បែរ ដើម្បីយកម៉ូទ័រកាត់ផ្តាច់ដែកម៉ាស៊ីនកិនទឹកអំពៅ យកដៃជនរងគ្រោះចេញពីម៉ាស៊ីន។ បន្ទាប់ត្រូវបានគេជួយដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងតែម្តង ៕