ភ្នំពេញ ៖ បុរសម្នាក់ ដំណើរថ្មើជើង គោលដៅពីវត្តទួលទំពូងមកកាន់ស្តុបបូកគោ ហើយបានដេកកណ្តាលផ្លូវ ដោយដៃឆ្វេងកន្ត្រាក់ញ័រ មិននិយាយស្តី ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះតែម្តង។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោងជិត១០យប់ ថ្ងៃទី១៦ ខែមេសានេះ នៅចំណុចផ្លូវបំបែកមហាវិថីម៉ៅសេទុងកែងផ្លូវ៥៥ ស្ថិតនៅក្នុងសង្កាត់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បុរសនោះមានវ័យប្រមាណជិត៤០ឆ្នាំ ពាក់អាវយឺតដៃខ្លីខ្មៅ ខោខ្លីពណ៌ផ្ទៃមេឃ ត្រូវបានប្រទះដេកកណ្តាលផ្លូដោយសភាពកន្ត្រាក់ដៃខាងឆ្វេង មិនមាត់មិនក ផ្អើលដល់សមត្ថកិច្ច ដែលប្រចាំការ នៅចំណុចស្តុបបូកគោ។
មុនពេលកើតហេតុ គេប្រទះឃើញ បុរសខាងលើ ធ្វើដំណើរថ្មើជើង គោលដៅពីវត្តទួលទំពូងមកកាន់ស្តុបបូកគោ។ ខណៈមកដល់ចំណុចកើតហេតុ បុរសខាងលើបានឈប់កណ្តាលផ្លូវ រួចអង្គុយហើយក៏ដេកកន្ត្រាក់ដៃតែម្តង។
ក្រោយពេលកើតហេតុ ប្រមាណជិត១ម៉ោង ទើបមានរថយន្តសាមុយមកទទួលដើម្បីយកទៅសង្គ្រោះតែម្តង៕