បរទេស៖ នាយកប្រចាំតំបន់ទទួលបន្ទុកអាហ្រ្វិកខាងកើត របស់អង្គការអន្ដរជាតិទទួលបន្ទុកជនចំណាកស្រុក បានថ្លែងថា ក្រុមអ្នករត់ពន្ធមនុស្ស បានដឹកជញ្ជូនជនចំណាកស្រុក ចេញពីប្រទេសយេមែន ហើយទូករបស់ពួកគេ បានក្រឡាប់លិច បណ្ដាលឲ្យមនុស្សជាង៣០នាក់បាត់បង់ជីវិត។
អង្គការអន្ដរជាតិទទួលបន្ទុកជនចំណាកស្រុក (IOM) បានថ្លែងថា ជនចំណាកស្រុក ចំនួន ៣៤នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ក្រឡាប់ទូករបស់ពួកគេ នៅក្នុងឆ្នេរសមុទ្រ នៃប្រទេស Djibouti កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ នេះជាឧប្បត្ដិហេតុគ្រោះថ្នាក់របស់ជនអន្ដោប្រវេសន៍លើកទី២ នៅក្នុងរយៈពេលជាង១ខែកន្លងមកនេះ។
មន្រ្ដីអង្គការអន្ដរជាតិទទួលបន្ទុកការធ្វើចំណាកស្រុក នៅក្នុងប្រទេស Djibouti បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកនៅរស់រានមានជីវិត បានរាយការណ៍ថា ទូកបានក្រឡាប់ នៅក្នុងកណ្ដាលសមុទ្រ នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី១២ ខែមេសា បន្ទាប់ពីចាកចេញពីប្រទេសយេមែន ដោយមានអ្នកនៅលើទូកនោះប្រហែល៦០នាក់។
លោក Mohammed Abdiker នាយកតំបន់ទទួលបន្ទុកអាហ្រ្វិកខាងកើតរបស់អង្គការ IOM បានថ្លែងថា ជនអន្ដោប្រវេសន៍ទាំងនោះត្រូវបានក្រុមអ្នករត់ពន្ធមនុស្ស នាំចេញពីប្រទេសយេមែន។ នៅទីនោះជាកន្លែងវឹកវរ ដោយការសង្រ្គាមហែកហួរគ្នា រវាងកងកម្លាំងឧទ្ទាម គាំទ្រដោយប្រទេសអ៊ីរ៉ង់ និងកងកម្លាំងរដ្ឋាភិបាលគាំទ្រដោយសម្ពន្ធអារ៉ាប់៕