បរទេស៖ រហូតមកដល់ពេលនេះ ពួកយោធាមីយ៉ាន់ម៉ាកាន់តែបង្ហាញនូវចរិតព្រៃផ្សៃ អមនុស្សធម៌រកលេខដាក់គ្មាន ក្រោយបាញ់សម្លាប់ក្រុមបាតុករហើយ ទាមទារប្រាក់ចំនួន៨៥ដុល្លារអាមេរិក ពីសាច់ញាតិបន្ថែមទៀត ប្រសិនបើចង់បានសាកសពរបស់ជនរងគ្រោះ។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ហៅកាត់ AAPP បានថ្លែងថា កាលពីថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២១ មានមនុស្សយ៉ាងតិច៨២នាក់ ត្រូវបានសម្លាប់ ក្នុងទីក្រុង Bago មានចម្ងាយ៩០គីឡូម៉ែត្រ នាភាគឦសាន ទីក្រុងយ៉ាំងហ្គោន ក្រោយពេលពួកយោធាបានវាយឆ្មក់បាញ់ប្រហារទៅលើហ្វូងបាតុករ ធ្វើបាតុកម្មដោយអហិង្សា។
AAPP បានបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានបាញ់ប្រហារទៅលើក្រុមបាតុករ ប្រឆាំងនឹងរដ្ឋប្រហារ ដោយប្រើកាំភ្លើងបេ៤០ និងគ្រាប់បែកដៃ វាយប្រហារទៅលើហ្វូងបាតុករ។ នេះជាអំពើឃោរឃៅយ៉ាងបង្ហូរឈាម ក្រោយពេលពួកយោធាធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
សាក្សីឃើញផ្ទាល់ភ្នែកម្នាក់ នៅក្នុងទីក្រុង Bago សុំមិនបញ្ចេញអត្ដសញ្ញាណ បានប្រាប់ CNN កាលពីថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ ថា ប្រជាពលរដ្ឋជាច្រើនបានរត់ភៀសខ្លួនទៅកាន់ភូមិក្បែរនោះ ចាប់តាំងពីពួកយោធាវាយឆ្មក់ កាលពីថ្ងៃសុក្រ ទី១០ ខែមេសា។ រីឯបណ្ដាញអ៊ីនធើរណេតត្រូវបានកាត់ផ្តាច់ នៅក្នុងតំបន់នេះ ចាប់តាំងពីថ្ងៃនោះ ហើយកងកម្លាំងសន្តិសុខកំពុងឆែកឆេរ នៅតាមសង្កាត់នានា។ រីឯសាកសពរបស់ជនរងគ្រោះ ត្រូវបានគេគរទុក នៅឯកន្លែងដាក់សព បន្ទាប់ពីការបាញ់ប្រហាររួច។
បើតាមការបង្ហោះ Facebook ពីសហភាពនិស្សិតនៃសកលវិទ្យាល័យ Bago បានឲ្យដឹងថា ក្រោយបង្ក្រាបយ៉ាងឃោរឃៅនោះ ពួកយោធាកំពុងទារប្រាក់ ចំនួន១២០,០០០ គីយ៉ាត (៨៥ដុល្លារអាមេរិក) ពីក្រុមគ្រួសារណា ដែលចង់យកសាកសពរបស់សាច់ញាតិ ដែលត្រូវពួកគេបាញ់សម្លាប់ កាលពីថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២១។ ដោយឡែក CNN មិនបានផ្ទៀងផ្ទាត់របាយការណ៍ ហើយមិនអាចទាក់ទងទៅពួកយោធា ដើម្បីសុំការអត្ថាធិប្បាយបានទេ។
ចាប់តាំងពីការធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក ពួកយោធាបានបាញ់សម្លាប់ប្រជាពលរដ្ឋ យ៉ាងតិចជាង៧០០នាក់។ ដោយឡែកក្រុមបាតុករប្រហែលជា៣០០០នាក់ផ្សេងទៀត ត្រូវពួកយោធាចាប់ឃុំឃាំង៕