បរទេស៖ ក្រុមអ្នកវិទ្យាសាស្រ្ដចិន នៅលើនាវាស្រាវជ្រាវរបស់កងម៉ារីន បានខួងរុករកធនធានរ៉ែធម្មជាតិ នៅក្នុងតំបន់ដែលមិនបានបញ្ជាក់ឈ្មោះ ចំពេលនាវាវាយលុកចុះទឹកឡើងលើគោករបស់អាមេរិក បង្កើនការល្បាតទៅកាន់តំបន់នោះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន បានរាយការណ៍ថា ចិនបានខួងជ្រៅ នៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីទាញយករ៉ែ នៅបាតសមុទ្រ ចំពេលមានភាពតានតឹង ជុំវិញដែនទឹកដែលមានជម្លោះជាមួយនឹងប្រទេស នៅក្នុងតំបន់ ដែលជាគូប្រជែង រួមមាន ហ្វីលីពីន និងតៃវ៉ាន់ ខណៈសហរដ្ឋអាមេរិកបង្កើនវត្តមានកងទ័ពជើងទឹក នៅក្នុងតំបន់នោះ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ គ្រប់គ្រងដោយរដ្ឋចិន បានផ្សាយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ថា ក្រុមអ្នកវិទ្យាសាស្ត្រចិន នៅលើនាវាស្រាវជ្រាវក្នុងសមុទ្រ បានប្រើប្រាស់ប្រព័ន្ធខួង Sea Bull II ដែលផលិតដោយប្រទេសចិន ខួងរុករករ៉ែ ដោយមានបណ្តោយប្រវែង ២៣១ ម៉ែត្រ ក្នុងជម្រៅ ២០៦០ ម៉ែត្រ។ ប្រព័ន្ធនេះអាចជួយដល់ការរុករកធនធានឧស្ម័នធម្មជាតិ នៅក្នុងបាតសមុត្រផងដែរ។
ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ថា កន្លែងដែលចិនខួងប្រេងនោះ បានកើតឡើង នៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រហែល៩០ភាគរយ ត្រូវបានទាមទារ ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងថា ជាដែនទឹករបស់ខ្លួន។ ប៉ុន្ដែតុលាការអាជ្ញាកណ្តាលអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានប្រកាសថា ការអះអាងរបស់ចិន គឺដោយគ្មានមូលដ្ឋានច្បាប់នោះឡើយ។
សមុទ្រចិនខាងត្បូង មានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ ជាទីសម្បូរទៅដោយជីវៈចម្រុះ ប្រេង និងឧស្ម័នធម្មជាតិ។ សមុទ្រចិនខាងត្បូង ជាតំបន់ឆ្លងកាត់ដដ៏សំខាន់ ដែលស្មើនឹង១ភាគ៣ នៃពាណិជ្ជកម្ម នៅលើពិភពលោក ដែលមានទំហំទឹកប្រាក់ប្រចាំឆ្នាំ ៣ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក ( 3 Trillion)។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ចិននៅតែអះអាងថា ដែនសមុទ្រចិនខាងត្បូង ស្ទើរទាំងស្រុង ជាដែនទឹករបស់ខ្លួន ខណៈប្រទេសម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ វៀតណាម និងប៊្រុយណេ បានអះអាងថា វាជាផ្នែក នៃដែនទឹករបស់ខ្លួនផងដែរ។
ដោយសារតែមានភាពតានតឹងកាន់តែខ្លាំងឡើងបែបនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជូននាវា២០០គ្រឿងរបស់កងទ័ពជីវពលសមុទ្រទៅកាន់តំបន់ថ្មប៉ប្រះទឹក Whitsun ដែលមានចម្ងាយ ប្រហែល៣២០គីឡូម៉ែត្រ នៅភាគខាងលិច កោះ Palawan និងស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន (EEZ) ។
ចាប់តាំងពីពេលនោះមក សហរដ្ឋអាមរិក ក៏បានបានដាក់ពង្រាយក្រុមនាវាយលុក ដឹកនាំដោយនាវាផ្ទុកយន្ដហោះ USS Theodore Roosevelt បានចូលទៅកាន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។
បើតាមសារព័ត៌មាន South China Morning Post បានរាយការណ៍ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយនាវាវាយលុកចុះទឹកឡើងគោក USS Makin ដើម្បីចូលទៅកាន់ច្រកសមុទ្រ Malacca ។ ក្រុមនាវានោះ រួមមាន នាវាដឹកជញ្ជូន USS San Diego ផងដែរ។
រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែតវ៉ា និងប្រឆាំងរាល់ការល្បាតរបស់នាវាចម្បាំងអាមេរិក នៅក្នុងដែនសមុទ្រចិនខាងត្បូង។ ប៉ុន្ដែសហរដ្ឋអាមេរិក បានការពារសកម្មភាពកងទ័ពជើងទឹកចុងក្រោយរបស់ខ្លួន ដោយហៅសកម្មភាពទាំងនោះថា នេះជាការឆ្លងកាត់ធម្មតា និងស្របតាមគោលការណ៍ «សេរីភាព នៃការធ្វើនាវាចរណ៍»។
ហ្វីលីពីន ជាសម្ព័ន្ធមិត្តរបស់អាមេរិក ដែលបានបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ក្រោមរដ្ឋបាលរបស់លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ហើយពេលនេះបានបញ្ចេញសំឡេងព្រួយបារម្ភ កាលពីថ្មីៗនេះ អំពីវត្ដមាននាវារបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វីលីពីន (EEZ) ។
ក្រសួងការពារជាតិហ្វីលីពីន បានថ្លែង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ថា ហ្វីលីពីនកំពុងរក្សាជម្រើសទាំងអស់របស់ខ្លួន ខណៈជម្លោះការទូតរបស់ទីក្រុងម៉ានីលជាមួយទីក្រុងប៉េកាំងកាន់តែកើនឡើង៕