បរទេស៖ ប្រេសិតពិសេសរបស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងវីយែន បានថ្លែង នៅថ្ងៃទី៩ ខែមេសា ថា ការសន្យារបស់អាមេរិក ស្តីពីការដកទណ្ឌកម្មជាឯកតោភាគី ប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវតែអនុវត្តជាបន្ទាន់។
លោក Wang Qun បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ បន្ទាប់ពីកិច្ចពិភាក្សាមួយ ស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ថា «ទាក់ទងនឹងទណ្ឌកម្មជាឯកតោភាគី ដែលបានដាក់ដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ នោះ ចិន និងភាគីពាក់ព័ន្ធ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងកិច្ចប្រជុំ។ ដូច្នេះអាមេរិកត្រូវតែត្រូវបានដកចេញជាបន្ទាន់»។
លោក Wang Qun ប្រសិតពិសេសរបស់ចិន បានបញ្ជាក់ថា បញ្ហាទណ្ឌកម្មទាំងនេះ បណ្តាលមកពីការដាក់ទណ្ឌកម្ម ដោយខុសច្បាប់របស់រដ្ឋាភិបាលអាមេរិក លើអង្គភាព និងបុគ្គលដែលអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ។ រីឯការដកទណ្ឌកម្មនេះ មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែវាជាទិដ្ឋភាពដ៏សំខាន់ នៃកិច្ចការពារ JCPOA ផងដែរ។
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមរិក បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ ដោយបានចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់ បានបំពាន និងមិនបានអនុវត្តតាមកិច្ចព្រមព្រៀងនេះ។ ក្រោមការចោទប្រកាន់នេះ អាមេរិកបានដាក់ទណ្ឌកម្មបន្ថែម មកលើប្រទេសអ៊ីរ៉ង់បន្ថែមទៀត។
សូមជម្រាបថា គណៈកម្មការចម្រុះ នៃផែនការសកម្មភាពរួម ហៅកាត់ JCPOA ដែលត្រូវស្គាល់ថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានលើកមកពិភាក្សាឡើងវិញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ខណៈប្រធានបទការដកទណ្ឌកម្ម ចេញពីអ៊ីរ៉ង់ និងវិធានការអនុវត្តកិច្ចព្រមព្រៀងនេះ ក្លាយជារបៀបវារៈកំពូលនៃកិច្ចប្រជុំ៕