បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានព្រមានដល់ប្រទេសចិន ចំពោះនឹងអ្វីដែលហ្វីលីពីន និងតៃវ៉ាន់ បានមើលឃើញ អំពីសកម្មភាពឈ្លានពាន ដែលចេះតែកើនឡើងយ៉ាងខ្លាំង នៅក្នុងសមុទ្រចិនខាងត្បូង ហើយអាមេរិកបានក្រើនរំឭកដល់រដ្ឋាភិបាលទីក្រុងប៉េកាំង អំពីកាតព្វកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវតែការពារ ចំពោះសម្ពន្ធមិត្ដរបស់ខ្លួន។
លោក Ned Price អ្នកនាំពាក្យ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មានថា « ការវាយប្រហារដោយអាវុធ ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធ, នាវាសាធារណៈ ឬយន្ដហោះ នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ដោយរួម ទាំងសមុទ្រចិនខាងត្បូងផង នឹងជំរុញឲ្យយើងមានកាតព្វកិច្ចការពារ ក្រោមសន្ធិសញ្ញាការពារទៅវិញទៅមក រវាងអាមេរិក និងហ្វីលីពីន។
ដោយសំដៅដល់សាធារណរដ្ឋប្រជាមានិតចិននោះ អ្នកនាំពាក្យ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា យើងសូមចូលរួមចំណែកនូវក្តីកង្វល់ដល់សម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង ជុំវិញការបង្កើនកងជីវពលដែនសមុទ្ររបស់ប្រទេសចិន នៅក្បែរតំបន់ថ្មប៉ប្រះទឹក Whitsun ។
សារព័ត៌មានសិង្ហបុរី CNA បានផ្សាយ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ថា នាវារបស់ចិនជាង២០០ បានត្រូវបានគេប្រទះឃើញជាលើកដំបូង នៅតំបន់ថ្មប៉ប្រះទឹក Whitsun មានចម្ងាយប្រហែល៣២០គីឡូម៉ែត្រ នាភាគខាងលិចកោះ Palawan ស្ថិតក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់មានជម្លោះជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន នៅប្រជុំកោះ Spratly ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ចិននៅតែអះអាង អំពីដែនសមុទ្រចិនខាងត្បូងដែលសម្បូរដោយធនធានធម្មជាតិ ស្ទើរតែទាំងស្រុងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយបានច្រានចោលការអំពាវនារបស់ហ្វីលីពីន អស់រយៈពេលជាច្រើនសប្ដាហ៍ សុំឲ្យដកនាវាទាំងនោះចេញ ដោយរដ្ឋាភិបាលទីក្រុងម៉ានីល អះអាងថា ចិនបានរំលោភចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ដោយខុសច្បាប់។
ភាពតានតឹងនេះ ក៏បានកើតឡើងជាមួយនឹងកោះតៃវ៉ាន់ ដោយសាររដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងថា ជាផ្នែកមួយរបស់ប្រទេសចិន ហើយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ មានសេចក្ដីរាយការណ៍ថា យន្ដហោះចម្បាំងរបស់ចិនជាង១៥គ្រឿង បានហោះឆ្លងកាត់តំបន់ការពារដែនអាកាសរបស់ដែនកោះតៃវ៉ាន់។
អ្នកនាំពាក្យ នៃក្រសួងការបរទេសអាមេរិក បានបន្លឺសំឡេងព្រួយបារម្ភ ចំពោះសកម្មភាពរបស់ចិន ដោយបានថ្លែងថា សហរដ្ឋអាមេរិកនៅតែរក្សាសមត្ថភាព ទប់ទល់នឹងការបង្កគ្រោះថ្នាក់ណាមួយដល់សន្តិសុខ ឬប្រព័ន្ធសង្គម និងសេដ្ឋកិច្ចរបស់ប្រជាជន នៅលើកោះតៃវ៉ាន់។ សហរដ្ឋអាមេរិក មានកាតព្វកិច្ចផ្ដល់មធ្យាបាយការពារខ្លួនដល់ដែនកោះតៃវ៉ាន់ សម្រាប់ទប់ទល់ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។
ជាមួយគ្នានេះដែរ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ត្រូវតែការពារដល់សម្ព័ន្ធមិត្ត ក្នុងនាមជាអ្នកបន្ដវេនពីលោក ដូណាល់ ត្រាំ ដែលជាអ្នកកាន់តំណែងមុនរបស់លោក គាំទ្រយ៉ាងមុតមាំ ប្រឆាំងនឹងចិនប៉េកាំង៕