បរទេស៖ សារព័ត៌មាន Robb Report បានផ្សាយថា យន្ដហោះមានល្បឿនលឿនជាងសំឡង អាចនឹងហោះហើរ ដឹកមន្រ្ដីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិក ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ហើយយន្ដហោះដ៏ទំនើបនេះ មានកៅអី VIP ដោយអាចដឹកអ្នកដំណើរបានចំនួន៣១នាក់។
បើតាមសារព័ត៌មានដដែល បានឲ្យដឹងទៀថា មន្រ្ដីកំពូលៗរបស់រដ្ឋាភិបាលអាមេរិក អាចនឹងជិះយន្ដហោះមានល្បឿនលឿនច្រើនជាងសំឡេង ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុនផលិតយន្តហោះ Exosonic បានបង្ហាញនូវការរចនាផ្ទៃខាងក្នុងជាលើកដំបូង ដែលត្រូវបានរចនាឡើង សម្រាប់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ដោយមានទាំងការិយាល័យរបស់អនុប្រធានាធិបតី ផងដែរ។
ក្រុមហ៊ុនកាលីហ្វ័រញ៉ា បានថ្លែងថា ក្រុមហ៊ុនបានរចនាផ្នែកខាងក្នុង ដោយសហការជាមួយនាយកប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក។ យន្ដហោះនេះ មានល្បឿន ១ ៣៨០គីឡូម៉ែត្រ ក្នុងម៉ោង ហើយវាអាចហោះហើរក្នុងចម្ងាយជា ៨០០០គីឡូម៉ែត្រ។
ទោះជាយ៉ាងណា យន្ដហោះនេះនឹងមិនអាចជំនួសយន្តហោះ Air Force One នោះទេ ប៉ុន្តែវាអាចប្រើប្រាស់ សម្រាប់បេសកកម្មរបស់មន្រ្ដីជាន់ខ្ពស់របស់រដ្ឋាភិបាល។ យន្ដហោះនេះអាចដឹកអ្នកដំណើរ៣១នាក់ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មដឹកអ្នកដំណើរ ចំនួន៧០នាក់៕