បរទេស៖ ស្រ្ដីជនជាតិអ៊ុយក្រែន និងអ្នកថតរូបជនជាតិរុស្ស៊ី បាននាំគ្នាថតរូបអាក្រាតកាយ នៅលើអគារខ្ពស់កប់ពពក ក៏ត្រូវបានអាជ្ញាធរទីក្រុងឌូបៃ បណ្ដេញចេញពីប្រទេសអារ៉ាប់រួម (UAE) ។
អាជ្ញាធរទីក្រុងឌូបៃ បានបញ្ជាក់ថា ស្ត្រីទាំង១១នាក់ ដែលអាជ្ញាធរចាប់ខ្លួន និងបណ្ដេញចេញពីប្រទេសនោះ រួមមាន ជនជាតិអ៊ុយក្រែន និងអ្នកថតរូបជាជនជាតិរុស្ស៊ី។ ស្រ្ដីទាំងនោះត្រូវបានរងការចោទប្រកាន់ ពីសកម្មភាពប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ត្រីអារ៉ាប់។
លោក Essam Issa al-Humaidan រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អារ៉ាប់រួម (UAE) បានប្រកាសថា អ្នកពាក់ព័ន្ធនឹងការថតរូបអាក្រាតកាយទាំងនេះ នឹងត្រូវបណ្តេញចេញពីប្រទេសអារ៉ាប់រួម។ វិធានការតាមផ្លូវច្បាប់របស់ប្រទេសនេះមិនត្រូវការនូវការបកស្រាយអ្វីទាំងអស់។
ដោយឡែក ប៉ូលិសអារ៉ាប់រួម បានបដិសេធការប្រាប់អត្តសញ្ញាណរបស់ស្រ្ដីបរទេសទាំងនោះ។ ការបណ្ដេញចេញពីប្រទេសភ្លាមៗនេះ ក៏ជាករណីដ៏កម្រមួយ នៅក្នុងប្រទេសអារ៉ាប់រួម។ ព្រះរាជអាជ្ញាអារ៉ាប់រួមបានចេញបញ្ជាឲ្យបណ្តេញស្ត្រីទាំងនោះ ក្រោមបទចោទប្រកាន់ពីសកម្មភាពផ្ទុយនឹងទំនៀមទម្លាប់ ប្រពៃណី របស់ស្ត្រីអារ៉ាប់ នៅក្នុងទីសាធារណៈ។
ទោះជាយ៉ាងណា វិធានការរបស់ទីក្រុងឌូបៃខាងលើនេះ បានទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីមហាជន ដោយសារថា ប្រទេសនេះបានដាក់ច្បាប់យ៉ាងតឹងរ៉ឹង ប្រឆាំងនឹងស្ត្រីភេទ៕