ភ្នំពេញ ៖ បុរសជាប្តីស្ទើរតែក្អួតឈាម ខណៈតាមទាន់ប្រពន្ធរបស់ខ្លួន កំពុងសម្ងំនៅក្នុងបន្ទប់ VIP ជាមួយប្រុសសាហាយ នៅក្នុងផ្ទះពេទ្យមួយកន្លែង ស្ថិតនៅតាមបណ្តោយដងទន្លេសាប កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
បុរសជាប្តីបានឲ្យដឹងថា ពេលរូបគាត់ចុះទៅខេត្ត គឺប្រពន្ធរបស់គាត់ តែងលួចមកទាក់ទងនឹងសាហាយនៅផ្ទះពេទ្យខាងលើពី ៣ ទៅ ៤ ដង ក្នុង១សប្តាហ៍។ គាត់ហ៊ានអះអាងបែបនេះ គឺដោយសារគាត់បានជួលគេឲ្យតាមដាន រហូតប្រពន្ធរូបនេះផ្ទុះកំហឹង ឲ្យប៉ូលីសចាប់ខ្លួនអ្នកតាមដាន ទើបយកលុយទៅដោះអស់ 200$។
បុរសជាប្តីបន្តទម្លាយការពិតគួរឲ្យភ្ញាក់ផ្អើលថា ប្រពន្ធរបស់គាត់ពិសពុលណាស់ ដោយឲ្យគាត់ដាក់ GPS នៅឡានដែលគាត់ជិះ ប៉ុន្តែ ប្រពន្ធវិញ បដិសេធដាក់ GPS ជាប់ឡានខ្លួនជិះទេ បើឲ្យដាក់ សុខចិត្តជិះ PassApp ។ លើសពីនេះ ចំពោះទូរស័ព្ទវិញ គឺចាក់សោរដាក់លេខកូដ និងមិនឲ្យស្គាល់ Password ហ្វេសប៊ុកឡើយ។ ហើយបើទោះជាគាត់ព្យាយាមពន្យល់ណែនាំឲ្យស្លៀកពាក់ត្រឹមត្រូវគោរពប្រតិបត្តិសាសនាឥស្លាម ដូចជាពាក់ក្រម៉ានៅក្បាលយ៉ាងណា ក៏ប្រពន្ធរូបនេះមិនស្តាប់ដែរ និងផ្ទុយមកវិញ គឺស្លៀកពាក់សិចស៊ី តែងកាយឆើតឆាយ ស្កាត់មកជួបសាហាយដែលជាប្អូនប្រុសរបស់ម្ចាស់ផ្ទះពេទ្យនេះ។
បុរសជាប្តីរូបនេះបញ្ចាក់ថា ការឈានឲ្យគាត់កើតមានការសង្ស័យ រហូតតាមទាន់បែបនេះ គឺឲ្យតែរាល់ពេលគាត់ផុសរូបថតជាមួយប្រពន្ធម្តងៗ គឺប្រពន្ធតែងរករឿងឈ្លោះ និងចូលទៅលុបនៅក្នុងហ្វេសប៊ុកគាត់រហូត។
គាត់បានប្រាប់ថា គាត់បានរៀបការនឹងគ្នាមានរយៈពេល ៣ ឆ្នាំ ហើយ ប៉ុន្តែពុំមានកូននោះទេ និងបច្ចុប្បន្ននេះ ពួកគាត់រស់នៅច្រាំងចម្រេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕