បរទេស៖ ក្រោយពេលនាវារបស់ចិនជាច្រើនគ្រឿង បានទៅសំចត នៅក្នុងដែនជម្លោះជាមួយនឹងប្រទេសហ្វីលីពីននោះមក ទីប្រឹក្សាជាន់ខ្ពស់របស់លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានព្រមានថា សកម្មភាពរបស់ចិន នៅលើថ្មប៉ប្រះទឹកមានជម្លោះជាមួយហ្វីលីពីន នោះ អាចជាកាបញ្ឆេះឲ្យមានការប្រទូសរ៉ាយ។
ទីប្រឹក្សាជាន់ខ្ពស់របស់លោក Rodrigo Duterte បានព្រមានថា កងនាវារបស់ចិន កំពុងតែបង្ហាញវត្ដមានរបស់ខ្លួន នៅតំបន់ថ្មប៉ប្រះទឹក ដែលមានជម្លោះជាមួយប្រទេសហ្វីលីពីន អាចបញ្ឆេះឲ្យមានភាពប្រទូសរ៉ាយ។ រីឯការព្រមានពីហ្វីលីពី បែបនេះកំពុងតែធ្វើឲ្យមានជម្លោះការទូត កាន់តែក្តៅខ្លាំងឡើង ពាក់ព័ន្ធនឹងនាវារបស់ចិន តាមអ្វីដែលរដ្ឋាភិបាលទីក្រុងម៉ានីល ចាត់ទុកជា “កងជីវពលដែនសមុទ្រ”។
ទូកចិនជាង២០០គ្រឿង ត្រូវបានគេប្រទះឃើញជាដំបូង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នៅតំបន់ថ្មប៉ប្រះទឹក Whitsun មានចម្ងាយប្រហែល៣២០គីឡូម៉ែត្រ នាភាគខាងលិច នៃកោះ Palawan ស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន (EEZ)។ ទូករបស់ចិនទាងនោះ ភាគច្រើន បានធ្វើនាវាចរណ៍ពាសពេញ ប្រជុំកោះ Spratly។ ប៉ុន្តែកាលពីសប្តាហ៍មុន ក៏មាននាវាដោតទង់ជាតិចិន រាប់សិបគ្រឿង នៅតែបន្តសំចតនៅតំបន់ថ្មប៉ប្រះទឹកនោះដែរ។
ជាការប្រតិកម្មនឹងសកម្មភាពទូករបស់ចិននោះ រដ្ឋាភិបាលទីក្រុងម៉ានីល បានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងប៉េកាំង សុំឲ្យដក «កងជីវពលដែនសមុទ្រ» ទាំងនោះចេញ ហើយហ្វីលីពីនបានចាត់ទុកថា ចិនកំពុងតែលុកលុយចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ដោយខុសច្បាប់ តាមអ្វីដែលបានកំណត់ដោយតុលាការអន្តរជាតិ នៅក្នុងទីក្រុងឡាអេ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ចិននៅតែមានមហិច្ឆតាទាមទារដែនសមុទ្រចិនខាងត្បូង ស្ទើរតែទាំងស្រុង ទើបបង្កឲ្យមានជម្លោះជាមួយនឹងបណ្ដាប្រទេសជាច្រើន នៅក្នុងតតំបន់អាស៊ាន ហើយដែនកោះតៃវ៉ាន់។ ប៉ុន្ដែករណីទូកខាងលើនេះ ត្រូវបានភាគីចិន បានបដិសេធថា ទូកទាំងនោះជាទូកនេសាទ ហើយកំពុងជ្រកកោន ដោយសារតែអាកាសធាតុអាក្រក់ ទើបត្រូវបានអនុញ្ញាតឲ្យនៅទីនោះ។
ដោយឡែក លោក Duterte ប្រធានាធិបតីហ្វីលីពីន បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅកាន់ឯកអគ្គរដ្ឋទូតចិន ចំពោះបញ្ហានាវាទាំងនេះ។ នៅក្នុងសុន្ទរកថា ដោយប្រើពាក្យខ្លាំងបំផុតពីការិយាល័យរបស់លោកនោះ មេធាវីជាន់ខ្ពស់របស់លោក Duterte គឺលោក Salvador Panelo បានព្រមានថា «ការលុកលុយលើទឹកដីបច្ចុប្បន្ន ពីសំណាក់ចិនកំពុងបង្កើតស្នាមប្រឡាក់ ដែលមិនគប្បីមាន នៅក្នុងទំនាក់ទំនងរបស់ពួកគេ ហើយវាអាចបង្កឲ្យមានការប្រទូសរ៉ាយកើតឡើង ខណៈប្រជាជាតិទាំង២មិនចង់ឲ្យកើតមានឡើង។ រីឯបញ្ហាជម្លោះទឹកដី គួរតែដោះស្រាយ នៅលើតុចរចាការទូត ឬតាមច្បាប់អន្តរជាតិ។
ទោះជាយ៉ាងណា ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល នៅមិនទាន់មានប្រតិកម្ម ជុំវិញការលើកឡើងពីភាគីរបស់ហ្វីលីពី នៅឡើយ៕