ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi បានបង្ហោះសារផ្លូវការនៅលើគណនី Twitter របស់ខ្លួនដើម្បីបញ្ជាក់ដំណឹងនៃការឈានជើងចូលឧស្សាហកម្មផលិតយានយន្ត ដែលក្រុមហ៊ុនដាក់ឈ្មោះឲ្យថា យានយន្តអគ្គិសនីដ៏ឆ្លាតវៃ- Xiaomi Smart Electric Vehicles ។ក្រុមហ៊ុនក៏បានវិនិយោគទឹកប្រាក់ក្នុងទំហំ ១,៥ ប៊ីលានដុល្លារអាមេរិកឯណោះ ដើម្បីប្រជែងនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពុងល្បីក្នុងស្រុកដូចជា BYD និង Nio ។
ក្នុងនោះកាលពីឆ្នាំ ២០១៨កន្លងទៅ ក្រុមហ៊ុនធ្លាប់បានសហការជាមួយនឹងសម្ព័ន្ធ FAW Group ផលិតរថយន្តក្នុងស្រុក អំឡុងពេលក្រុមហ៊ុន Bestune ប្រកាសចេញម៉ូឌែល T77 Redmi SUV ក្នុងនោះកិច្ចព្រមព្រៀងរវាងរបស់ Xiaomi និង Bestune គឺផលិត Software តែប៉ុណ្ណោះមានឈ្មោះថា Xiao AI ។ ប៉ុន្តែចំពោះព័ត៌មានលម្អិតបន្ថែមអំពីសង្វាក់ផលិតកម្មផ្ទាល់ផ្តាច់មុខរបស់ Xiaomi ក៏ដូចជា លក្ខណៈបច្ចេកទេសនិងតម្លៃ ក៏មិនទាន់ចេញរូបរាងនៅឡើយទេ។