ភ្នំពេញ ៖ បន្ទាប់ពីក្រសួងពាណិជ្ជកម្មគ្រោងផ្តល់វិញ្ញាបនបត្រម៉ាកសំគាល់ភូមិសាស្រ្ត ហៅកាត់ថា GI ដល់ផលិតផលខ្មែរនៅខេត្តមណ្ឌលគិរី ផលិតផល «ទឹកឃ្មុំព្រៃមណ្ឌលគីរី» កំពុងសិក្សាទីផ្សារនៅក្រៅប្រទេស ដើម្បីនាំចេញនាពេលខាងមុខនេះ។
លោក ចាន់ ឡាលីន មន្ត្រីគ្រប់គ្រងទិន្នន័យទឹកឃ្មុំព្រៃរបស់អង្គការ CIRD បានឲ្យដឹងនៅនេះថា ទីផ្សារទឹកឃ្មុំព្រៃ ខេត្តមណ្ឌលគិរី គឺមានតែនៅក្នុងស្រុកប៉ុណ្ណោះ ដោយបានលក់ចេញ និងចែកចាយ នៅរាជធានីភ្នំពេញ, ខេត្តសៀមរាប ខេត្តព្រះសីហនុ ។ នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនសកលសរីរាង្គខ្មែរ KOC បានចុះកិច្ចសន្យាជាមួយសហគមន៍ទទួលទិញទឹកឃ្មុំនេះប្រមាណ ៧០០លីត្រ សម្រាប់លក់បន្តផងដែរ។
លោកបន្ថែមថា បន្ទាប់ពីទទួលបានវិញ្ញាបនបត្រម៉ាកសំគាល់ភូមិសាស្រ្តនេះ នឹងធ្វើឱ្យតម្លៃទឹកឃ្មុំកាន់តែខ្ពស់ និងជួយអោយប្រជាពលទទួលបានប្រាក់ចំណូលខ្ពស់មានជីវភាពល្អជាងមុន និងអាចធ្វើឱ្យផលិតផលនេះ នាំចេញទៅក្រៅប្រទេសនាពេលខាងមុខនេះ។
បើតាមមន្រ្តីអង្គការ CIRD បច្ចុប្បន្នអ្នកផលិតទឹកឃ្មុំមណ្ឌលគិរីមានចំនួន៥៨៩នាក់ ដោយក្នុងមួយឆ្នាំអាចបានទឹកឃ្មុំបានប្រមាណពី២០ ទៅ៣០តោនក្នុងមួយឆ្នាំ ដែលមានតម្លៃជាមធ្យមក្នុងមួយលីត្រ២៥ដុល្លារ។ ក្នុងមួយឆ្នាំប្រជាសហគមអាចប្រមូលផលទឹកឃ្មុំព្រៃបានតែម្តងប៉ុណ្ណោះ គឺចាប់ពីខែមីនា ដល់ខែមិថុនា។
អ្នកនាំពាក្យក្រសួងពាក្យពាណិជ្ជកម្មបានឱ្យដឹងថា ទំនិញម៉ាកសំគាល់ភូមិសាស្រ្ត “ទឹកឃ្មុំព្រៃមណ្ឌលគីរី” ត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីម៉ាកសំគាល់ភូមិសាស្រ្តទំនិញកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១៕