ភ្នំពេញ ៖ ពលរដ្ឋកម្ពុជា បានសារទរវត្តមានក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោករបស់កំពូលមហាសេដ្ឋី Elon Musk ដោយពួកគេរំពឹងថា វត្តមានក្រុមហ៊ុននេះ នឹងធ្វើឱ្យតម្លៃរថយន្តអគ្គិសនីនេះ មានតម្លៃសមរម្យ។
ការសាទរនេះបន្ទាប់ពី អគារតាំងបង្ហាញលក់រថយន្ដ ដែលគេតែងនិយាយថា Showroom របស់ក្រុមហ៊ុនTesla កំពុងដំណើរការសាងសង់ស្ថិតនៅតាមបណ្តាយផ្លូវសហព័ន្ធរុស្សី ដោយមានដាក់Logo របស់ក្រុមហ៊ុន Tesla។ជាមួយគ្នានេះ នៅតាមបណ្តាញទំនាក់ទំនងសង្គម Facebook បាននាំគ្នាថតរូបភាពទីតាំងក្រុមហ៊ុន ហើយបង្ហោះចែកចាយយ៉ាងព្រោងព្រាតផងដែរ។ តាមរយៈទំព័រហ្វេសប៊ុករបស់ Tesla Cambodia បានសរសេរកាលពីពេលថ្មីៗនេះថា Let’s wait for the grand opening come ដែលមានន័យថា តោះ រងចាំការថ្ងៃបើកសម្ពោធខាងមុខ។
សូមជម្រាបថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោក ជារបស់កំពូលមហាសេដ្ឋី Elon Musk ដែលបច្ចុប្បន្នមានសាខានៅតាមប្រទេសប្រមាណជិត ៤០ ហើយក្នុងនោះសម្រាប់ប្រទេសសមាជិកអាស៊ានវិញ គឺមានតែសឹង្ហបុរីតែមួយគត់។ គិតមកមដល់ពេលនេះ Tesla បញ្ចេញរថយន្តអគ្គិសនី បាន ៥ម៉ូឌែលហើយ រួមមាន Roadster, Model3, ModelS, ModelX និង ModelY៕