រាជធានីភ្នំពេញ៖ គ្រោះអគ្គិភ័យមួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅមូលដ្ឋាន ហើយរាយការណ៍ទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ច កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅតាមផ្លូវលេខ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅមូលដ្ឋាន បានឲ្យដឹងថា ឃ្លាំងដែលត្រូវភ្លើងឆាបឆេះនោះ ជាកន្លែងសម្រាប់ទុកអីវ៉ាន់គ្រឿងសំណង់ និងជាកន្លែងស្នាក់នៅរបស់កម្មករ។ ប៉ុន្ដែនៅយប់ថ្ងៃកើតហេតុ ក្រុមកម្មករបានចូលទៅសម្រាកអស់ហើយ។ លុះមកដល់វេលាខាងលើ ស្រាប់តែធំក្លិន និងឃើញផ្សែង លាយឡំនឹងអណ្ដាតភ្លើង ចេញមកពីជាន់ខាងលើ ក៏បង្កឲ្យភា្ក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
សមត្ថកិច្ច បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយពន្លត់គ្រោះអគ្គិភ័យនេះ គឺសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់អស់ទឹក ចំនួន៤រថយន្ដ។ គ្រោះអគ្គិភ័យនេះ គ្រាន់តែធ្វើឲ្យខូចខាតតែសម្ភារមួយចំនួនតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នោះ មិនបានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សម្នាក់នោះទេ ហើយករណីនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕