ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជិះម៉ូតូ ស្រាប់តែក្រឡាច់និងខឿនថ្មើរជើងដួល ក៏ត្រូវរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់កិន កាលពីម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី ២ មេសា ២០២១ នៅចំណុចចុងស្ពាព្រែកព្នៅខាងកើត ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយរថយន្តបង្កត្រូវប្រជាពលរដ្ឋជួយឃាត់បានភ្លាមៗប្រគល់ឲសមត្ថកិច្ចមូលដ្ឋាន។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ 3E-7684 ជាប្រភេទរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់ បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចឃាត់ខ្លួនប្រគល់នគរបាលជំនាញចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានវ័យជាង២០ឆ្នាំ ភេទស្រី ស្លៀកខោ ខោប៊យពណ៌ខៀវ ពាក់អាវក្រៅដៃវែងមានមួក អាវក្នុងពណ៍ស ពាក់មួកការពារពណ៌ស ជិះម៉ូតូម៉ាក ហុងដាប៊ិត ពណ៍ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1IB-9509 ជិះម្នាក់ឯង មិនទាន់ស្គាល់អត្តសញ្ញាណ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុម៉ូតូជនរងគ្រោះព្រមទាំងរថយន្តបង្កបានធ្វើដំណើរឡើងលើស្ពានព្រែកព្នៅក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុជនរងគ្រោះជិះម៉ូតូទៅប៉ះនិង ខឿនថ្មើរជើងជើងរបស់ ស្ពានរួចបានដួលស្របគ្នានោះ រថយន្តបង្កបានបើកមកពីក្រោយ គេចមិនទាន់បានកិនចំជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ហើយរថយន្តបានបើកហួសចេញពីកន្លែងកើតហេតុប្រមាណជាង៥០០ ម៉ែត្រក៏ត្រូវប្រជាពលរដ្ឋឃាត់បានរួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យមកទទួលអ្នកបើកបរយកទៅប៉ុស្តិ៍ដើម្បីប្រគល់ជូននគរបាលចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ៕