បរទេស៖ អាជ្ញាធរព្រែកជីកស៊ុយអេដែលជាកម្មសិទ្ធិរបស់រដ្ឋអេហ្ស៊ីប បានថ្លែង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ថា សរុបការចំណាយរបស់កប៉ាល់យក្សដឹកកុងតឺន័រ Ever Given ដែលជាប់គាំងផ្លូវនាវាចរណ៍ អស់រយៈពេល៦ថ្ងៃកន្លងមកនេះ អាចនឹងកើនឡើងដល់១ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោក Osama Rabia ប្រធានរដ្ឋបាលព្រែកជីកស៊ុយអេ បានប្រាប់បណ្ដាញទូរទស្សន៍ Sada el-Balad របស់អេហ្ស៊ីប កាលពីថ្ងៃទី៣១ ខែមីនា ថា «យើងនឹងបន្តការគណនា រាល់ការចំណាយទាំងអស់ ដែលយើងបានប្រើប្រាស់ ចាប់តាំងពីថ្ងៃដំបូង នៃឧប្បត្តិហេតុនេះ។ រីឯការចំណាយលើការប្រើប្រាស់នាវាអូសទាញ និងកប៉ាល់បូមទឹកដែលបានដំណើរការ នៅម៉ោងធ្វើការ បូករួមទៅ … ចំនួនមួយពាន់លានដុល្លារ»។
លោកប្រធានរដ្ឋបាលព្រែកជីក បានបន្ថែមថា ការជាប់គាំងកប៉ាល់យក្សដឹកកុងតឺន័រខាងលើនេះ មុនដំបូង បានធ្វើឲ្យរដ្ឋាភិបាលអេហ្ស៊ីបខាតបង់ប្រាក់ចំណូល ក្នុងមួយថ្ងៃ ចំនួន១៤លានដុល្លារអាមេរិក។ សម្រាប់ពេលនេះ កប៉ាល់ជារបស់កម្មសិទ្ធិរបស់ជប៉ុន ប្រតិបត្ដិការដោយតៃវ៉ាន់ ដោតទង់ជាតិប៉ាណាម៉ា កំពុងនៅពាក់កណ្ដាលផ្លូវ ពីព្រែកជីក ដែលតភ្ជាប់ពីសមុទ្រមីឌីទែរ៉ាណេ ទៅសមុទ្រក្រហម។ នាវា Ever Given នេះ នឹងសំចត រហូតដល់ការស៊ើបអង្កេតពេញលេញ នៃឧប្បត្តិហេតុនេះត្រូវបានបញ្ចប់ រួមទាំងការត្រួតពិនិត្យសុវត្ថិផ្នែកខាងមុខដែលបានបុកច្រាំងព្រែកជីកនោះ។ នាវានេះបានធ្វើនាវាចរណ៍ពីប្រទេសចិនទៅហូល្លង់ មុននឹងមានហេតុការណ៍បែបនេះកើតឡើង។
នាវា Ever Given បានជាប់គាំងកាត់ទទឹងព្រែកជីកស៊ុយអេ តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ហើយបានបណ្ដាលឲ្យបិទផ្លូវនាវាចរណ៍ដ៏មមាញឹករបស់ពិភពលោក មិនអាចឆ្លងកាត់បាន។ការជាប់គាំងនៅទីនោះ រយៈពេល៦ថ្ងៃ ទើបអាចរំដោះចេញវិញបាន ហើយបើកផ្លូវឲ្យនាវាផ្សេងចេញចូលបាន។
នាវា Ever Given មានមានបណ្ដោយប្រវែង៤០០ម៉ែត្រ ទទឹង៥៩ម៉ែត្រ មានចំណុះ ២០០ ០០០តោន និងដឹកកុងតឺន័រ២០០០០។ ដោយឡែក ព្រែកជីក Suez នេះ បានកសាងឡើង ចន្លោះពីឆ្នាំ១៨៥៩ ដល់១៨៦៩ ហើយផ្ដល់ហិរញ្ញវត្ថុ ដោយរដ្ឋាភិបាលបារាំង និងអេហ្ស៊ីប។ កម្មករអេហ្ស៊ីប ប្រហែល១,៥លាននាក់ បានជីកព្រែកនេះ ហើយត្រូវបានគេប៉ាន់ប្រមាណថា មានមនុស្ស ប្រហែល ១២០ ០០០នាក់បានស្លាប់៕