ភ្នំពេញ ៖ សង្ស័យព្រោះតែមានវិបត្តក្នុងគ្រួសារ ស្ត្រីម្នាក់ដាច់ចិត្តមកបញ្ចប់ជីវិត ដោយធ្វើអត្តឃាតមកលោត ពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍លោតធ្វើអត្តឃាតនេះកើតឡើងកាល ម៉ោងជាង៩យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចលើស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័។
ស្ត្រីរងគ្រោះមានឈ្មោះ លីន ដា ភេទស្រី អាយុ២០ជាងឆ្នាំ មុរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលខាងក្រោយក្លឹបសុធី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
យោងតាមប្រភពពីបុរសម្នាក់ ដែលឃើញហេតុការណ៍ មុនពេលកើតហេតុ គាត់ឃើញស្ត្រីដើរយំបណ្តើរពីលិចទៅកើត ខណ:មកដល់ចំណុចលើស្ពានខាងលើ ស្រាប់តែឡើងបង្កាន់ដៃស្ពាន ឃើញដូចច្នោះគាត់ ក៏រត់ទៅចាប់ដៃបានម្ខាង តែមិនជាប់បណ្ដាលឲ្យគាត់លោតទំលាក់ខ្លួន មកខាងក្រោមតែសំណាងល្អ មិនស្លាប់បណ្ដាលឲ្យរបួសធ្ងន់ ។ ភ្លាមៗត្រូវសមត្ថកិច្ចទាក់ទង ហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិត៕