បរទេស៖ ក្រោយពេលរដ្ឋប្រហារ ហើយពួកយោធាភូមាបានបាញ់សម្លាប់ក្រុមបាតុករអហិង្សា អស់ជាង៥០០នាក់នោះមក បណ្ដាប្រទេសមហាអំណាចលោកខាងលិច បានចេញមុខថ្កោលទោសជាបន្ដបន្ទាប់ និងជំរុញឲ្យបញ្ឈប់ជាបន្ទាប់នូវការបាញ់សម្លាប់ប្រជាពលរដ្ឋ ធ្វើបាតុកម្មអហិង្សា ដែលគ្មានអាវុធ នៅក្នុងដៃ។
ភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ នៅព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថា រដ្ឋមន្រ្ដីការបរទេសបារាំង បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សា បង្ហូរឈាមយ៉ាងព្រៃផ្សៃ នៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) កាលពីថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដោយបានសម្លាប់មនុស្សជាង១០០នាក់។ អំពើហិង្សានៅថ្ងៃនោះ ត្រូវបានអន្តរជាតិចាត់ទុកជាថ្ងៃបង្ក្រាបយ៉ាងឃោរឃៅបំផុត។
លោក Jean-Yves Le Drian រដ្ឋមន្រ្ដីការបរទេសបារាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ (វេលានៅទីក្រុងបារីស) បានបញ្ជាក់ថា «កងកម្លាំងសន្តិសុខ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដើរដល់ដំណាក់កាលថ្មីមួយ ក្នុងការប្រើអំពើហិង្សាយ៉ាងងងឹតងងល់ និងបង្ហូរឈាម… ហើយជាថ្មីម្ដងទៀតពួកគេបានប្រើប្រាស់អាវុធ ប្រឆាំងនឹងប្រជាជន ដោយសម្លាប់មនុស្សច្រើន ជាង ១០០នាក់ រួមមានទាំងកុមារផងដែរ»។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសបារាំង បានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់ការប្រើប្រាស់ហិង្សា និងដោះលែងអ្នកកំពុងជាប់ឃុំ ជាបន្ទាន់ដោយឥតមានលក្ខខណ្ឌ ហើយចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញ។
ប្រទេសភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរ ក្រោយពេលលោកឧត្ដមសេនីយ៍ មិន អ៊ុងឡាំង បានដឹកនាំកម្លាំងយោធា ធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីថ្ងៃរដ្ឋប្រហារ រហូតមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់ បានកើនឡើងជាង៥០០នាក់។ រហូតមកដល់ពេលនេះ ពលរដ្ឋភូមាត្រូវពួកយោធាបន្ដបាញ់សម្លាប់ជារៀងរាល់ថ្ងៃ៕