ខេត្តស្ទឹងត្រែង ៖ មន្ត្រីអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅខេត្តស្ទឹងត្រែង បានបង្កើនការអភិរក្សពពួកសត្វស្លាបរស់នៅ តាមតំបន់រ៉ាមសា ព្រោះវាមានសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍។ តំបន់រ៉ាមសានៅទន្លេមេគង្គលើ មានទំហំផ្ទៃទឹកចំនួន១៤.៦០០ហិកតា សម្បូរទៅដោយព្រៃឈើលិចទឹក ដែលមានពពួកសត្វស្លាបរស់នៅ ចំនួន៩៧ប្រភេទ និងត្រីទឹកសាបចំនួនជាង១៣០ប្រភេទផងដែរ នេះបើតាមការស្រាវជ្រាវ របស់ក្រសួងបរិស្ថាននិងអង្គការ(WWF)។
លោក ឈន ឆន អនុប្រធានការិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖នៅតំបន់រ៉ាមសា មានពពួកសត្វស្លាប ជាច្រើនប្រភេទ រស់នៅដូចជា សត្វក្អែកទឹក-ស្មោញ-កុក-ក្រៀល-រនាលខ្យង-និងសត្វក្រសារ ជាដើម កំពុងតែរស់នៅបំបែកហ្វូងគ្នា តាមចំណុចនីមួយៗ។ ទីតាំងដែលពពួកសត្វទាំងនេះរស់នៅមានដូចជាតំបន់កោះល្ង- កោះលន-កោះទន្សាយ-កោះហាន-កោះពូថៅ- និងចំណុចកោះព្រះសាខន ដែលជាកន្លែងសម្បូរត្រីល្អិតខ្ចៅ-ខ្យង សម្រាប់ពួកវាចាប់ធ្វើជាចំណីអាហារ៕