បរទេស៖ គ្រោះអគ្គិភ័យមួយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឆាបឆេះរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយ នៅក្នុងខេត្តជ្វាខាងលិច ប្រទេសឥណ្ឌូណេស៊ី។
សារព័ត៌មាន BBC បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យបានចេញទៅធ្វើអន្ដរាគមន៍ បាញ់ទឹកទប់ទល់ភ្លើង ដែលកំពុងតែឆាបឆេះរោងចក្រចម្រាញ់ប្រេង Balongan ដែលដំណើរការដោយក្រុមហ៊ុនប្រេងរដ្ឋ Pertamina ស្ថិតក្នុងខេត្តជ្វាខាងលិច។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ បានបណ្ដាលឲ្យមនុស្ស ចំនួន៥នាក់ បានរងរបួសធ្ងន់។ រីឯអ្នកស្រុកប្រហែល១ ០០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសចេញពីកន្លែងកើតហេតុ បន្ទាប់ពីគ្រោះអគ្គិភ័យបានផ្ទុះឡើង។
ដោយឡែក ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងតំបន់ បានថ្លែងថា ការផ្ទុះឆេះរោងចក្រចម្រាញ់ប្រេងនេះ មានមនុស្សម្នាក់បានស្លាប់ ដោយសារការគាំងបេះដូង។ រីឯមនុស្សប្រហែល១៥នាក់ បានរងរបួសស្រាល ហើយអាជ្ញាធរ កំពុងស្វែងរកមនុស្សចំនួន៣នាក់ផ្សេងទៀតដែលបាត់ខ្លួន។
លោក Nicke Widyawati ប្រធានក្រុមហ៊ុន Pertamina បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើម្បីការពារភ្លើង កុំឲ្យរាលដាលនោះ យើងបានបិទប្រតិបត្តិការ ហើយយើងកំពុងតែប្រឹងប្រែង ក្នុងការប្រយុទ្ធជាមួយគ្រោះអគ្គិភ័យនេះ»។
ទោះជាយ៉ាងណា អាជ្ញាធរឥណ្ឌូនេស៊ីមិនទាន់បានបញ្ជាក់ច្បាស់អំពីករណីរគ្រោះអគ្គិភ័យនេះនៅឡើយ ហើយករណីនេះ កំពុងតែស្ថិតក្នុងការស៊ើបអង្កេត៕