បរទេស៖ ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសហូល្លង់ កាលពីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានជួយរំដោះកប៉ាល់យក្សរបស់តៃវ៉ាន់ Ever Given ដែលបានជាប់គឿង នៅកាត់ទទឹងព្រែកជីក Suez ប្រទេសអេហ្ស៊ីប អស់រយៈពេល៤ថ្ងៃកន្លងមក ធ្វើឲ្យរាំងស្ទះដល់ការធ្វើចរាចរណ៍របស់នាវាផ្សេងៗ មកពីជុំវិញពិភពលោក។
ក្រុមអ្នកជួយសង្គ្រោះ បានប្រើប្រាស់នាវាសណ្តោង ចំនួន១៤គ្រឿង ដើម្បីទាញកប៉ាល់យក្សដឹកកុងតឺន័រខាងលើ ដើម្បីឲ្យវាមកបណ្តោយព្រែកវិញ សម្រាប់បើកផ្លូវចរាចរណ៍ដល់នាវាដឹកទំនិញផ្សេងៗឆ្លងកាត់។ មុនពេលរំដោះកប៉ាល់យក្ស ប្រកបដោយជោគជ័យនោះ អេហ្ស៊ីប បានលើកគម្រោងស្ទុចកុងតឺន័រ ចេញពីនាវា ហើយនេះជាសកម្មភាពដ៏លំបាកបំផុត។
អាជ្ញាធរព្រែកជីកស៊ុយអេ បានឱ្យដឹងថា ពេលវេលាប្រកាសឲ្យដំណើរការចរាចរណ៍ឡើងវិញមិនទាន់បានធ្វើឡើង នៅឡើយ។ រីឯនាវាដឹកទំនិញរាប់រយគ្រឿង កំពុងរង់ចាំឆ្លងកាត់ព្រែកជីកនេះ។ ដោយឡែកក្រុមជំនាញ បានប្រកាសថា វាអាចនឹងមានការកកស្ទះ ខណៈបើកចរាចរណ៍ឡើងវិញ។
សូមជម្រាបថា កប៉ាល់យក្សរបស់តៃវ៉ាន់នេះ មានប្រវែង៤០០ម៉ែត្រ មានចំណុះ ២០០ ០០០ តោន។ កប៉ាល់យក្សនេះ បានដឹកកុងតឺន័រ ២០ ០០០ ហើយបានជាប់គឿង កាលពីថ្ងៃទី ២៣ខែមីនា ដោយកាត់ទទឹងព្រែកជីក Suez ដែលជាច្រកផ្លូវចេញពីសមុទ្រក្រហម ទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ។ ការជាប់គាំងផ្លូវនាវាចរណ៍ដ៏មមាញឹករបស់ពិភពលោកនេះ បានធ្វើឲ្យវិស័យពាណិជ្ជកម្មពិភពលោក ខាតបង់ទឹកប្រាក់ ចន្លោះពី៦-១០ពាន់លានដុល្លារ៕