បរទេស៖ កងសន្ដិសុខរបស់ប្រទេសភូមា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានបើកការបាញ់ប្រហារយ៉ាងសាហាវ ចូលក្នុងពិធីបុណ្យសព គឺ១ថ្ងៃក្រោយពេលពួកយោធាបាញ់សម្លាប់យ៉ាងព្រៃផ្សៃទៅលើប្រជាពលរដ្ឋ ជាង១០០នាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
សារព័ត៌មាន VOA បានផ្សាយថា អ្នកចូលរួមពិធីកាន់ទុក្ខ បានរត់គេចខ្លួន ចេញពីការធ្វើបុណ្យសព នៅក្នុងតំបន់ Bago នៅជិតទីក្រុងពាណិជ្ជកម្មយ៉ាងហ្គូន ដោយសារការបាញ់រះពីពួកយោធា។ ប៉ុន្ដែភ្លាមៗនោះ គេនៅមិនទាន់មានសេចក្ដីរាយការណ៍ អំពីចំនួនអ្នកគ្រោះថ្នាក់នៅឡើយ។
ប្រភពព័ត៌មានដដែល បានបន្ដថា នៅក្នុងពិធិបុណ្យនោះ គឺធ្វើជូនសព Thae Maung Maung អាយុ២០ឆ្នាំ ដែលជាជនរងគ្រោះម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ១១៤នាក់ ត្រូវបានពួកយោធា បាញ់សម្លាប់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅក្នុងថ្ងៃបង្ហូរឈាមដ៏ឃោរឃៅបំផុត ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលមក។
អំពើឃោរឃៅនេះ បានធ្វើឲ្យប្រមុខក្រសួងការពារជាតិ នៃប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក អូស្រ្ដាលី អង់គ្លេស កាណាដា ដាណាម៉ាក អាល្លឺម៉ង ក្រិក អ៊ីតាលី ជប៉ុន ហូល្លង់ កូរ៉េខាងត្បូង និងនូវ៉ែលហ្ស៊ឺឡង់ដ៍ បានចេញសេចក្ដីថ្លែងការណ៍ដ៏កម្រមួយ ថ្កោលទោសយ៉ាងខ្លាំងដល់ការប្រើប្រាស់កងកម្លាំងយ៉ាងសាហាវ ប្រឆាំងនឹងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលគ្មានអាវុធ នៅក្នុងដៃ។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា «យោធាប្រកបដោយវិជ្ជាជីវៈ តែងធ្វើតាមស្តង់ដារអន្តរជាតិ សម្រាប់ការប្រព្រឹត្ត និងទទួលខុសត្រូវ ក្នុងកិច្ចការពារ – មិនបង្កអន្តរាយដល់ប្រជាជន ដែលខ្លួនបម្រើ។ យើងជំរុញឲ្យពួកយោធាភូមា ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់អំពើហិង្សា ហើយងាកមកស្ដារឡើងវិញនូវការគោរព និងការជឿជាក់ពីប្រជាពលរដ្ឋ»។
លោក Alice Wairimu Nderitu ទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងលោកស្រី Michelle Bachelet ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញនូវសេចក្ដីថ្លែងការណ៍រួមគ្នាមួយថា «យើងត្រូវតែធានាឲ្យមានគណនេយ្យភាព ចំពោះឧក្រិដ្ឋកម្មកន្លងមក និងរារាំងឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុត ពីការប្រព្រឹត្ត។ ការខកខានក្នុងការដោះស្រាយឧក្រិដ្ឋកម្មឃោរឃៅ ដែលយោធាបានធ្វើក្នុងពេលកន្លងមក រួមទាំងការប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចដទៃទៀតបាននាំប្រទេសមីយ៉ាន់ម៉ា ឆ្លងផុតដ៏អាក្រក់នេះ។ គ្មានផ្លូវទៅមុខទេ បើគ្មានគណនេយ្យភាព និងការកែទម្រង់មូលដ្ឋានរបស់យោធា
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា «ពិតជាគួរឲ្យរន្ធត់ណាស់។ វាពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់។ បើផ្អែកលើរបាយការណ៍ដែលខ្ញុំទទួលបាន មនុស្សជាច្រើននាក់ត្រូវបានសម្លាប់។
ប្រទេសភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរ ក្រោយពេលលោកឧត្ដមសេនីយ៍ មិន អ៊ុងឡាំង បានដឹកនាំកម្លាំងយោធា ធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីថ្ងៃរដ្ឋប្រហារ រហូមកដល់ពេលនេះ ពលរដ្ឋភូមាត្រូវពួកយោធា បានសម្លាប់ជារៀងរាល់ថ្ងៃ ហើយគិតត្រឹម ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់ បានកើនឡើងជាង៤៤០នាក់៕