ភ្នំពេញ ៖ ជនសង្ស័យម្នាក់លួចទូរស័ព្ទពីជនរងគ្រោះបានសម្រេច ប្រហែល៧ម៉ោងត្រូវម្ចាស់តាមក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច បង្កការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅមុខវត្តជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សុខ ណារី អាយុ៣១ឆ្នាំ មុខរបរ ជាអ្នកលើកអីវ៉ាន់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះដែលមានឈ្មោះ អិនតុលា អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិជម្ពូវ័ន ២សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាកាលពីព្រឹកថ្ងៃកើតហេតុខ្លួនបានដេកនៅក្នុងបន្ទប់រួចហើយក៏បានទុកទូរស័ព្ទជាប់នឹងខ្លួនខណៈពេលដែលកំពុងដេកលក់ព្រឹកឡើងស្រាប់តែឃើញទ្វារចំហក៏បាត់ទូរស័ព្ទតែម្ដងក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣រួចហើយ រហូតមកដល់វេលាម៉ោង ២និង០០នាទី2 រសៀលដោយជនសង្ស័យយកទូរស័ព្ទរបស់ខ្លួនទៅឆាតដើម្បីខ្ចីលុយរបស់មិត្តភក្កិម្ចាស់ទូរស័ព្ទឃើញដូច្នេះក៏ម្ចាស់ទូរស័ព្ទរកវិធីបោកជនសង្ស័យឲ្យយកទូរស័ព្ទមកឲ្យនៅមុខវត្តជម្ពូវ័នក៏ឃាត់បានភ្លាមៗ រួចក៏យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីតែម្ដង៕