ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរំលោភលើទំនុកចិត្ត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្នងការរងផែនសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៏ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ការិយាល័យជំនាញ សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ គង់ ដា ហៅទិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរនៅចំណុចជិតផ្សារ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនាំយកមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យខាងលើបានប្រព្រឹត្តសកម្មភាពករណី រំលោភលើទំនុកចិត្ត ដោយប្រើប្រាស់បណ្តាញសង្គម Line កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយឲ្យជនរងគ្រោះ ទទួលលុយពីប្រទេសថៃ តាមរយៈធនាគារថៃផានិត ចំនួន 303800លុយបាត ហើយឲ្យវេរប្រាក់បន្ត ជាលុយដុល្លារ ចំនួន 9905$ តាមរយៈក្រុមហ៊ុនវេរប្រាក់មួយ។ ក្រោយពីជនល្មើសបានទទួលលុយរួច គណនីធនាគាររបស់ជនរងគ្រោះក្នុងប្រទេសថៃមានបញ្ហា ដោយត្រូវបានបិទបណ្តោះអាសន្ន ដោយលុយចំនួន 303800 បាត នោះ ត្រូវបានម្ចាស់លុយប្តឹងធនាគារថៃដកលុយត្រលប់មកវិញ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕