បរទេស៖ ដូចអ្វីដែលគេបានរំពឹងទុកជាមុន គឺរដ្ឋសភារបស់រុស្ស៊ី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំលើកទី៣ ដែលជាលើកចុងក្រោយបានអនុម័តច្បាប់ កែទម្រង់រដ្ឋធម្មនុញ្ញ បើកផ្លូវឲ្យលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីបន្តទៀត។
ច្បាប់រដ្ឋធម្មនុញ្ញ ដែលធ្វើកំណែទម្រង់ថ្មី មិនបានកំណត់អាណត្តិរបស់ប្រធានាធិបតីនោះឡើយ ហើយប្រធានាធិបតីអាចឈរឈ្មោះបោះឆ្នោតបានគ្រប់អាណត្តិ ដោយអ្វីដែលសំខាន់ឲ្យតែពលរដ្ឋគាំទ្រ។ ការធ្វើកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញនេះ ក៏ជាការបើកផ្លូវឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន អាចដឹកនាំសហព័ន្ធន៍រុស្ស៊ី អស់មួយជីវិត។
សេចក្តីព្រាងច្បាប់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ អនុញ្ញាតឲ្យប្រធានាធិបតីពូទីនបន្តឈរឈ្មោះជាប្រធានាធិបតីរុស្ស៊ី ហើយច្បាប់នេះបានបញ្ជូនទៅកាន់រដ្ឋសភា។ លោក ពូទីន បានឡើងកាន់តំណែងជាប្រធានាធិបតី លើកដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ ហើយលោកបន្តឡើងកាន់តំណែង រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៨។ ក្នុងដំណាក់កាលពីឆ្នាំ២០០៨ដល់ឆ្នាំ២០១២ លោក ពូទីន បានឲ្យលោកឌីមីទ្រី មេតវ៉េដេវ ឈរឈ្មោះជាប្រធានាធិបតី ហើយលោកងាកមកកាន់តំណែងជានាយករដ្ឋមន្ត្រី ។ លុះមកដល់ឆ្នាំ២០១២ លោក ពូទីនបានជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត។
រហូតមកដល់ពេលនេះ លោកបានកាន់តំណែង២អាណត្តិមកហើយ ដោយច្បាប់ចាស់តម្រូវឲ្យលោកកាន់តែ២អាណត្ដិ ហើយបន្ដឈរឈ្មោះ ក្រោយមានអ្នកផ្សេងធ្វើជាប្រធានាធិបតីចន្លោះ១អាណត្ដិ។ រីឯការកែទម្រង់រដ្ឋធម្មនុញ្ញ អនុញ្ញាតលោក ពូទីន អាចកាន់តំណែងដឹកនាំរុស្ស៊ី បន្តទៀត រហូតអស់មួយជីវិត។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រុស្ស៊ីនេះ អាចជួយឲ្យលោក ពូទីន បន្ដដឹកនាំរុស្ស៊ីរហូត។ ស្របគ្នានេះដែរលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក៏កាន់តំណែង អស់មួយជីវិត ប្រសិនបើទទួលបានការបោះឆ្នោតគាំទ្រ ពីសមាជិកសភាចិន ៕