បរទេស៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កាលពីចុងសប្ដាហ៍កន្លងមក បានអង្គុយទស្សនាការបាញ់សាកល្បងកាំជ្រួចយ៉ាងតិច២គ្រាប់ ដើម្បីជាការធ្វើតេស្ដលើកដំបូងដាក់រដ្ឋាភិបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលមានគោលដៅកែប្រែនយោបាយសំដៅទៅលើកូរ៉េខាងជើង។
សារព័ត៌មាន The Washington Post បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល រយៈចម្ងាយខ្លីយ៉ាងតិច២គ្រាប់។ នៅក្នុងសេចក្ដីរបាយការណ៍នោះ បានបញ្ជាក់ថា ការសាកល្បងនោះ អាចបាញ់មីស៊ីល ចេញពីកាំភ្លើងធំ ឬក៏មីស៊ីលនាំផ្លូវ តែមិនមែនមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនោះឡើយ។
សារព័ត៌មានដដែល បានបន្ដថា នេះជាការបាញ់សាកល្បងមីស៊ីលលើកដំបូងរបស់កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២១ ចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋ។ នេះជាសារមួយបញ្ជូនទៅកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃដិន និងរដ្ឋមន្រ្តីការបរទេស ហើយរដ្ឋមន្រ្តីការពារជាតិរបស់លោក ខណៈធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ពន្ធ័មិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងអាស៊ី។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក កំពុងតែពិចារណាលើនយោបាយក្រៅប្រទេស ដោយផ្ដោតទៅលើកូរ៉េខាងជើង និងទប់ទល់រាល់ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែររបស់ផ្ដាច់ការមួយនេះ ហើយផែនការលម្អិតអាចនឹងចេញនៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ៕