បរទេស៖ ក្រោយពេលក្រុមមេដឹកនាំយោធា ប្រើប្រាស់កម្លាំងសន្ដិសុខ បង្ក្រាប និងសម្លាប់ក្រុមបាតុករអហិង្សាយ៉ាងរង្គាល បណ្ដាលឲ្យស្លាប់យ៉ាងតិច២៦០នាក់នោះមក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋភូមា បានផ្លាស់ប្ដូរយុទ្ធសាស្រ្ដធ្វើបាតុកម្ម ដោយស្ងប់ស្ងាត់ ឬមានផ្លូវគ្មានមនុស្ស និងគ្មានយានយន្តធ្វើដំណើរ នៅទូទាំងប្រទេស ដើម្បីវាយបកទៅលើរដ្ឋាភិបាលយោធា។
លោក នីន យ៉ាដាណា ចាងហ្វាងការផ្សាយ នៃសារព័ត៍មាន អាល់ចា ស៊ីរា មីឌា ណេតវើគ និងជាអតីតអ្នកសារព័ត័មានរ៉យទ័រប្រចាំនៅក្នុងប្រទេសភូមា បានបង្ហោះសារតាមបណ្ដាញសង្គមធ្វីត នៅថ្ងៃទី២៤ ខែមីនា ដោយមានរូបភាព នៅតាមដងផ្លូវ នៅក្នុងប្រទេសភូមា ដោយមានអត្ថន័យពាក់ព័ន្ធនឹងការផ្ដាល់ប្ដូរយុទ្ធសាស្រ្ដ ប្រឆាំងនឹងរដ្ឋាភិបាលយោធា ។
ចាងហ្វាងការផ្សាយ នៃសារព័ត៍មាន អាល់ចា ស៊ីរា មីឌា ណេតវើគ បានឲ្យដឹងថា យុទ្ធសាស្រ្ដនេះ គឺពលរដ្ឋភូមា ចង់បង្ហាញថា ពួកគេជាម្ចាស់ផ្លូវថ្នល់ និងប្រទេសដោយស្របច្បាប់។ រីឯការធ្វើបាតុកម្មដោយស្ងប់ស្ងាត់នេះ កើតឡើងព្រមគ្នា នៅទូទាំងប្រទេស កាលពីថ្ងទី២៤ ខែមីនា ឆ្នាំ២០២១ ក្រោមស្ថានភាពកាត់បណ្ដាញអ៊ីនធឺរណិតតាមទូរសព្ទ័ដៃ។ ជាមួយគ្នានេះ រដ្ឋាភិបាលយោធា បានព្យាយាមតាមដានទិន្ន័យព័ត៌មាននានា។
ប្រទេសភូមា បានធ្លាក់ចូលវិបត្ដិនយោបាយកាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលមេដឹកនាំយោធាធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល និងចាប់ឃុំខ្លួនលោកស្រី អ៊ុងសានស៊ូជី ហើយមន្រ្ដីរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយរដ្ឋប្រហារយោធាមិនបានប៉ុន្មានថ្ងៃផង ប្រជាពលរដ្ឋបានចេញមកតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងនឹងការធ្វើរដ្ឋប្រហារនោះ ហើយពួកយោធាបានប្រើប្រាស់កម្លាំងសន្ដិសុខ បង្ក្រាបទៅលើប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់យ៉ាងតិចជាង២០០នាក់។
លោក Zaw Min Tun អ្នកនាំពាក្យ នៃរបបគ្រប់គ្រងយោធាភូមា បានថ្លែងថា ក្រុមបាតុករ ចំនួន១៦៤នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សា ហើយលោសូមសម្ដែងនូវការសោកស្ដាយ ចំពោះការស្លាប់របស់ប្រជាពលរដ្ឋទាំងនេះ។
ដោយឡែកក្រុមសកម្មជនរបស់សមាគមជំនួយអ្នកទោសនយោបាយ ហៅកាត់ AAPP បានថ្លែងថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ហើយមន្រ្ដីរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក អំពើហិង្សា នៅក្នុងប្រទេសភូមា បានសម្លាប់មនុស្សយ៉ាងតិច ២៦១នាក់។ រីឯអ្នកស្លាប់ទាំងនោះ សុទ្ធសឹងជាក្រុមបាតុករអហិង្សា ដែលគ្មានអាវុធ នៅក្នុងដៃ។
ដោយសារតែអំពើឃោរឃៅ និងអមនុស្សធម៌របស់ក្រុមមេដឹកនាំរដ្ឋប្រហារយោធាភូមាបែបនេះ បានធ្វើឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្ដរជាតិ បានថ្កោលទោសយ៉ាងខ្លាំងក្លាដល់មេដឹករដ្ឋប្រហារ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មយ៉ាងខ្លាំង ហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់ប្រទេសភូមា កាន់តែខ្លាំងឡើង។
ដោយឡែក ក្រុមមេដឹកនាំរដ្ឋប្រហារយោធាវិញ បែរជាស្ដីបន្ទោសទៅលើក្រុមបាតុករ ជាអ្នកនាំឲ្យមានអំពើហិង្សាយ៉ាងឃោរឃៅ ទើបសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន។
បើនិយាយពីប្រទេសអាស៊ាន ដែលមានវប្បធម៌ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង រវាងប្រទេសជាសមាជិកអាស៊ាននោះ មានប្រទេសចំនួន២ក៏នៅមិនសុខដែរ គឺឥណ្ឌូនេស៊ី និងម៉ាឡេស៊ី មិនចង់ឃើញប្រជាជាតិ នៅអាស៊ាន មានការបាញ់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងបែបនេះឡើយ។
ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីប៉ុន្មានថ្ងៃមុននេះ បានជំរុញឲ្យស្ដារស្ថិរភាព និងសន្ដិភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ។ លោកប្រធានាធិបតី បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវគ្រប់រូបភាព នៃអំពើហិង្សា ហើយត្រូវគិតពីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអាទិ៍ភាពដ៏ចម្បងបំផុង។ លោកប្រធានាធិបតីនឹងពិភាក្សាជាមួយនឹងប្រធានប្ដូរវេនអាស៊ាន ស្ដេចស៊ុលតង់ នៃប្រទេសប៊្រុយណេ ដើម្បីឲ្យកោះប្រជុំអាស៊ានជាបន្ទាន់ ដោះស្រាយបញ្ហា នៅភូមា។
បើតាមសារព័ត៌មានសិង្ហបុរី CNA បានផ្សាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថា ពួកយោធារបស់ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានចោទប្រកាន់លើក្រុមបាតុករ ប្រឆាំងនឹងអំពើរដ្ឋប្រហារថា ជាអ្នកបង្កអំពើហិង្សា នាំឲ្យបណ្តាប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើបុគ្គល និងក្រុមដែលជាប់ទាក់ទងនឹងរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និងការបង្ក្រាបដ៏ឃោរឃៅ ប្រឆាំងនឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ៕