វ៉ាស៊ីនតោន ៖ លោកឧត្តមនាវីឯក ចន អាឃ្វីលីណូ (John Aquilino) ដែលត្រូវបានលោកប្រធានាធិបតី ចូ បៃដិន តែងតាំងជាមេបញ្ជាការ នៃទីបញ្ជាការយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបាននិយាយថា ចិននឹងមានសមត្ថភាពវាយយកកោះតៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លីមុខ លឿនជាងការរំពឹងទុក និងការព្យាករនានាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
លោក John Aquilino បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការគ្រប់គ្រងកោះតៃវ៉ាន់ គឺជាជម្រើសអាទិភាពទីមួយរបស់ចិន ហើយខ្ញុំយល់ថា ចិននឹងមានសមត្ថភាពវាយយកកោះតៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លីមុខ លឿនជាងអ្វីដែលយើងកំពុងរំពឹងទុក»។
គួរបញ្ជាក់ថា ប្រទេសចិន និងកោះតៃវ៉ាន់ត្រូវបានផ្ដាច់ចេញពីគ្នា ក្រោយសង្រ្គាមស៊ីវិលបញ្ចប់នៅឆ្នាំ១៩៤៩។ ជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសចិននៅតែអះអាងជានិច្ចថា កោះតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន ស្របទៅតាមច្បាប់អន្តរជាតិ ខណៈសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ គោលនយោបាយចិនតែមួយ រួចទៅហើយដែរ តាំងតែពីអំឡុងទសវត្សរ៍ ១៩៧០មកម្ល៉េះ។ ការទទួលស្គាល់គោលនយោបាយចិនតែមួយ មានន័យស្មើនឹងការទទួលស្គាល់ កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិន។ ទោះជាបែបនេះក្តី ទីក្រុងប៉េកាំងនៅតែព្រមានជានិច្ចថា ខ្លួននឹងប្រើកម្លាំងយោធាវាយយកតៃវ៉ាន់ ប្រសិនបើកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬមានកម្លាំងពីខាងក្រៅណាមួយ ចង់មកបំបែកតៃវ៉ាន់ចេញពីចិន៕