ខេត្តសៀមរាប ៖ មនុស្ស៤នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តដឹកទំនិញមួយគ្រឿង បានបុករថយន្តរបស់មន្ត្រី សាខាគយ និងរដ្ឋករ ខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ នៅត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ច3A 62-55 បេីកបរដោយឈ្មោះ នី គន្ធា ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់ នៅ ភូមិ ប្រស្រែលេី ឃុំវិហាលួងក្រុងសួង ខេត្តត្បួងឃ្មុំ មានអ្នករួមដំណេីរ ម្នាក់ បេីកបរមានទិសដៅពីត្បួង ទៅ ជេីងបានបុក នឹងរថយន្ត មួយគ្រឿង ម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ 10 2- 0285 បេីកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នករួមដំណេីរចំនួន០៣ នាក់ បេីកបរមានទិសដៅពី ត្បួង ទៅជេីង ។
លោកអធិការបានបន្តទៀតថា គ្រោះថ្នាក់នេះបង្កឡេីងដោយអ្នកបេីកបររថយន្តពាក់ផ្លាកលេខ កំពង់ចាម 3A-6255 បេីកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយបុករថយន្ត ពាក់ផ្លាកលេខ រដ្ឋ 10 -2- 0285 ពីក្រោយ បណ្តាល អោយ រងរបួសមនុស្សចំនួន ០៤នាក់ (ស្រាល០៣នាក់ ធ្ងន់ ០១នាក់ )និងខូចខាតរថយន្តចំនួន ០២គ្រឿង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធី ៕