ភ្នំពេញ៖ រថយន្ត ដឹកស៊ីម៉ង់ត៍ មួយគ្រឿង ម្ចាស់អះអាងថា បានទាញចង្កូតគេចម៉ូតូមួយគ្រឿង ដែលដួលនៅពីមុខ បណ្តាលអោយក្រឡាប់ដេកស្តូក នៅលើដងផ្លូវ កាលពីម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ ៦ក្នុងភូមិ បាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្ត ដែល ក្រឡាប់នោះ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាកស្លាកលេខ កំពត៣A.០៩១៤ បើកបរ ដោយបុរសម្នាក់មិនប្រាប់អោយស្គាល់អត្តសញ្ញាណឡើយបានរងរបួសស្រាល។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត បានធ្វើដំណើរតាមផ្លូវជាតិលេខ ៦ក្នុងទិសដៅពីត្បូងទៅជើង (ចេញពីរាជធានីភ្នំពេញ)។នៅពេលមកដល់ចំណុច កើតហេតុ ក៏មានម៉ូតូមួយគ្រឿង បើកវ៉ាជែងបណ្តាលរអិលផ្លូវដួល នៅពីមុខ ។ដោយសារតែ ស្មារតីរឹង អ្នក បើកបរ ក៍បានបង្ខំចិត្តទាញចង្កូតគេចទៅស្តាំដៃប្រុងជ្រុលទៅបុកចូលផ្ទះ ក៍បានទាញចង្កូតមកឆ្វេងដៃ វិញ ដោយបង្ខំបណ្តាលអោយរថយន្តនោះ ប្រឡាប់ ដេកស្តូក លើដងផ្លូវតែម្តង។ ភ្លាមៗអ្នកបើកបរ ក៏បានលូនចេញពីក្នុងរថយន្ត ដោយមានរបួសស្រាល។
តាមអ្នកបើកបរ បានអោយដឹងថា នៅមុនពេលគ្រោះថ្នាក់គាត់បានដឹកស៊ី ម៉ង់ម៉ាកKING DOM ចំនួន១៥តោន មកពីរោងចក្រនៅខេត្តកំពតយកទៅដាក់នៅការដ្ឋាន នៅព្រែកពោធិ៍ ពេលធ្វើដំណើរតាមផ្លូវក៍បានជួបគ្រោះថ្នាក់ក្រឡាប់ ។អ្នកបើកបរ ក៍បានបញ្ជាក់ថាបើសិន ជាគាត់មិនទាញចង្កូតគេចច្បាស់ជាកិនអ្នកបើកបរ ម៉ូតូដួលនោះស្លាប់មិនខានសុខចិត្តគ្រោះថ្នាក់ខ្លួនឯង។បន្ទាប់ពីគ្រោះថ្នាក់ដោយសារពុំបង្កអោយមនុស្សរងរបួស អ្នកបើកបរ ក៍បានទាកទងហៅរថយន្តមួយគ្រឿងទៀតមកសេង និងយករថយន្តមកស្ទួចលើករថយន្តនោះយកទៅជួសជុលដោយខ្លួនឯង ៕